កីឡា

FA ឥណ្ឌូនេស៊ី ពិន័យមន្រ្តីក្លិប Arema FC ១ជីវិត ជុំវិញមហន្តរាយ ក្នុងកីឡដ្ឋាន

សហព័ន្ធបាល់ទាត់ (FA) របស់ប្រទេសឥណ្ឌូនេស៊ី  កាលពីថ្ងៃអង្គារ បានដាក់ពិន័យមន្ត្រី ២រូបរបស់ក្លិបបាល់ទាត់ Arema អស់មួយជីវិត ជុំវិញគ្រោះមហន្តរាយ នៅកីឡដ្ឋានរបស់ខ្លួន កាលពីចុងសប្តាហ៍ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣១នាក់ បានស្លាប់។

ប្រធានគណៈកម្មាធិការរៀបចំការប្រកួតរបស់ក្លិប Arema FC លោក Abdul Haris និងមន្ត្រីសន្តិសុខ មិនត្រូវធ្វើសកម្មភាពណាមួយ ក្នុងរង្វង់នៃវិស័យបាល់ទាត់អស់មួយជីវិត។ នេះបើតាមការឱ្យដឹងពីលោក Erwin Tobing ដែលជាប្រធានគណៈកម្មាធិការផ្នែកវិន័យរបស់ FA ឥណ្ឌូនេស៊ី នៅឯសន្និសីទសារព័ត៌មាន។

លោកបានបន្ថែមថា សហព័ន្ធ បានពិន័យក្លិបចំនួន ២៥០លានរូព្យ៉ា (១៦ ០០០ដុល្លារ) ជុំវិញហេតុការណ៍ដ៏សោកនាដកម្មនេះ។ ទោះបីជា FA ឥណ្ឌូនេស៊ី បានធ្វើការដាក់ទណ្ឌកម្មលើមន្ត្រីរបស់ក្លិបក៏ដោយ ក៏ការរិះគន់ភាគច្រើនបានផ្តោតលើការតបតរបស់ប៉ូលិស ក្នុងកីឡដ្ឋាន នៅពេលដែលពួកគេព្យាយាមបញ្ឈប់សកម្មភាពលុកលុយចូលទីលាននេះ។

ផ្លូវដើររបស់កីឡដ្ឋាន Kanjuruhan ត្រូវបានមនុស្សមកជុំណែនណាន់តាន់តាប់ កាលពីល្ងាចថ្ងៃសៅរ៍ ដោយអ្នកគាំទ្រចំនួន ៤២ ០០០នាក់របស់ក្រុម Aremania ឬ Arema FC ដើម្បីមើលការប្រកួតជាមួយក្រុមគូប្រជែងស្លាប់រស់ Persebaya Surabaya។

តែក្រោយទទួលរងបរាជ័យ ៣-២ ជាលើកដំបូង ក្នុងទឹកដីខ្លួនឯង អស់រយៈពេលជាង ២ទសវត្សរ៍ ដោយសារក្រុមគូសត្រូវរបស់ខ្លួនបែបនេះ នាំឱ្យអ្នកគាំទ្រមានការក្រេវក្រោធ និងបានសម្រុកចុះទៅទីលាន ដើម្បីប្រឈមមុខជាមួយកីឡាករ និងអ្នកគ្រប់គ្រង។

ប៉ូលិសបានពណ៌នាហេតុការណ៍នេះថា ជាកុប្បកម្មមួយ ហើយបាននិយាយថា មន្ត្រី ២នាក់ បានសម្លាប់ តែអ្នកនៅរស់ បានចោទប្រកាន់ពួកគេថា ធ្វើការតបតជ្រុលហួសហេតុពេក។ យោងតាមសាក្សី និងវីដេអូឃ្លីប បានបង្ហាញថា ក្រុមមន្ត្រីបានឆ្លើយតបទៅនឹងការលុកលុយចូលក្នុងទីលាន ដោយកម្លាំង ទាត់ និងវាយអ្នកគាំទ្រដោយដំបង ដែលទង្វើនេះ ជំរុញឱ្យមានអ្នកសម្រុកចូលទីលានកាន់តែច្រើនឡើងៗ។

បន្ទាប់ពីប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក មនុស្សជាច្រើនបានស្លាប់ដោយសារការជាន់ ឬថប់ដង្ហើម ខណៈដែលអ្នកគាំទ្រ ដែលមានការភ័យស្លន់ស្លោ បានប្រញាប់ប្រញាល់រត់ទៅរកច្រកចេញតូចៗ ដែលខ្លះ ត្រូវបានបិទ៕