កីឡា

Rodgers ថា Maddison គួរមានឈ្មោះក្នុងក្រុមអង់គ្លេស នៅ World Cup

អ្នកចាត់ការរបស់ក្រុម Leicester City លោក Brendan Rodgers បាននិយាយថា កីឡាករ James Maddison គួរមានឈ្មោះក្នុងក្រុមតោកំណាចអង់គ្លេស សម្រាប់ការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីខ្សែបម្រើដ៏រស់រវើករូបនេះ បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងជ័យជម្នះ ៤-០ លើក្រុមគូប្រជែង Nottingham Forest ពីការប្រកួត នៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។

ខ្សែបម្រើប្រយុទ្ធរូបនេះ ត្រូវបានអ្នកចាត់ការរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate មើលរំលង ចាប់តាំងពីការបង្ហាញខ្លួនក្នុងក្រុមធំនេះ ក្នុងនាមជាកីឡាករបម្រុង នៅវគ្គទី២ ពេលប្រឈមនឹងក្រុមម៉ុងតេណេហ្គ្រោ ក្នុងការប្រកួតវគ្គជម្រុះ Euro 2020 កាលពីឆ្នាំ២០១៩។

លោក Rodgers បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «វាជារឿងគួរឱ្យខ្មាសអៀនណាស់ ដែលខ្ញុំគិតថា សម្រាប់ប្រទេស និងសម្រាប់កីឡាករខ្លួនឯងផ្ទាល់ (ដែលរូបគេមិនមានឈ្មោះនៅក្នុងក្រុមអង់គ្លេស)។ អ្នកឃើញទេពកោសល្យរបស់គេហើយ ហើយកម្រិតនៃទម្រង់លេងរបស់គេសម្រាប់រយៈពេល ១៨ខែចុងក្រោយនេះ គឺច្បាស់ណាស់។ ខ្ញុំគិតថា មានតែកីឡាករ Harry Kane ប៉ុណ្ណោះ ដែលបានចូលរួមស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងចំណោមកីឡាករអង់គ្លេស»។

លោក Rodgers បានបន្ថែមថា៖ «រូបគេជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយខ្ញុំពិតជាសង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ រូបគេនៅអាចបន្តទម្រង់លេង ដែលបានបង្ហាញក្នុងរយៈពេល ១៨ខែកន្លងទៅ ដើម្បីអាចចូលរួមជាមួយក្រុម (អង់គ្លេស) បាន។ ដោយមានវត្តមានរបស់ Maddison  ប្រសិនបើអ្នកមានបញ្ហាក្នុងហ្គេមណាមួយ អ្នកដឹងទេថា រូបគេអាចធ្វើគ្រប់យ៉ាង មិនថាស៊ុតបាល់បញ្ចូលទី បញ្ជូនបាល់ និងទាត់ហ្វ្រីឃិក ពោលគឺដូចយប់នេះអ៊ីចឹង។ គុណសម្បត្តិជាច្រើននេះ សមនឹងទទួលបានយ៉ាងហោចណាស់ ឈ្មោះនៅក្នុងក្រុមដែរ»។

អតីតខ្សែប្រយុទ្ធរបស់ជម្រើសជាតិអង់គ្លេស និងក្រុម Leicester លោក Gary Lineker បានយល់ស្របនឹងការលើកឡើងនេះ ដោយនិយាយនៅលើបណ្ដាញសង្គម Twitter ថា កីឡាករ Maddison វ័យ ២៥ឆ្នាំ ប្រាកដណាស់ត្រូវតែមានឈ្មោះក្នុងក្រុមតោកំណាច សម្រាប់ព្រឹត្តិការណ៍ World Cup នាប្រទេសកាតា ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២០ ខែវិច្ឆិកា៕