កីឡា

Potter នឹងផ្ដល់ឱកាសដ៏អស្ចារ្យដល់ Gallagher បន្ថែម នៅមុន World Cup

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Graham Potter នឹងផ្តល់ឱកាសឱ្យកីឡាករ Conor Gallagher ក្នុងការចូលលេងជម្រើសដំបូងបន្ថែមទៀត ហើយនឹងផ្តល់ឱ្យរូបគេនូវឱកាស ដើម្បីសាងការទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកចាត់ការក្រុមជម្រើសជាតិតោកំណាចអង់គ្លេសលោក Gareth Southgate មុនព្រឹត្តិការណ៍ World Cup។

កីឡាករ Gallagher បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមអង់គ្លេស កាលពីរដូវកាលមុន ខណៈកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើង នៅក្លិប Crystal Palace តែត្រូវបានបញ្ជូនឱ្យត្រឡប់ទៅក្រុមអាយុក្រោម ២១ឆ្នាំវិញ សម្រាប់ការប្រកួតអន្តរជាតិ កាលពីខែកញ្ញា បន្ទាប់ពីការចាប់ផ្តើមមិនសូវល្អ នារដូវកាលថ្មីនេះ។

ខ្សែបម្រើរូបនេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល អំឡុងការវិលត្រឡប់ទៅកាន់ទឹកដី Selhurst Park កាលពីថ្ងៃសៅរ៍ ដោយជួយឱ្យក្រុម Chelsea វាយបកយកឈ្នះ ២-១។ ការអបអរគ្រាប់បាល់របស់គេ មានលក្ខណៈស្ងាត់ស្ងៀម ហើយរូបគេត្រូវបានអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ Palace ទះដៃសរសើរ នៅចុងបញ្ចប់នៃការប្រកួត។

នៅក្រោយការប្រកួត លោក Potter បង្ហើបថា Gallagher នឹងទទួលបានឱកាសបន្ថែមទៀត នៅក្នុងខែដ៏មមាញឹកខាងមុខ ដោយលោកប្រាប់ថា៖ «យើងមានពេលវេលាដ៏តានតឹងមួយ ពោលគឺ ១២ហ្គេម ក្នុងរយៈពេល ៦សប្តាហ៍កន្លះ។ យើងត្រូវការគ្រប់គ្នា ក្នុងក្រុម ដោយវាមិនអាចទៅរួចនោះទេ ក្នុងការលេងជាមួយកីឡាករ ១១នាក់ ដូច្នេះ កីឡាករ Conor (Gallagher) នឹងទទួលបានពេលវេលា និងឱកាសបន្ថែម ដើម្បីបង្ហាញទម្រង់លេងរបស់ខ្លួន»។

លោក Potter បានបន្ថែមថា៖ «ពួកយើងត្រូវតែព្យាយាម និងជួយក្រុមឱ្យមានទម្រង់ដ៏ល្អមួយ ដើម្បីកីឡាករទាំងអស់អាចលេងបានល្អ នៅក្នុងនោះ ហើយបន្ទាប់មក អ្នកណាទៅដឹង ដែរថា (កីឡាករ Gallagher អាចត្រឡប់ចូលក្រុមអង់គ្លេសវិញ) គឺជាអ្វី ដែលហួសពីសមត្ថភាពរបស់ខ្ញុំ ក្នុងការដឹងបាន»៕