កីឡា

ហេតុអ្វី Ronaldo មិនបានលេង ក្នុងជំនួប រវាងក្រុម នៅក្រុងតែមួយ?

លោក Erik ten Hag បានបង្ហើបថា វាលើសពីការគោរពដល់អាជីពរបស់កីឡាករ Cristiano Ronaldo ក្នុងការដែលលោកមិនបានដាក់ឱ្យកីឡាករសញ្ជាតិព័ទុយហ្គាល់ចូលលេង សម្រាប់ការប្រកួត ដែលក្រុមបិសាចក្រហម Manchester United ចាញ់ក្រុមមេឃខៀវ Manchester City ៦-៣ ក្នុងជំនួប រវាងក្រុមគូប្រជែង នៅក្រុងតែមួយ។

ក្រុមបិសាចក្រហមបានរងភាពអាម៉ាស់ម្តងទៀត នៅឯកីឡដ្ឋាន Etihad ហើយជាលើកទី ២ នារដូវកាលនេះ ដែលត្រូវបានក្រុមគូប្រជែងស៊ុតបញ្ចូលទី ៤គ្រាប់ មុនចូលវគ្គទី ២។ ខ្សែប្រយុទ្ធ Erling Haaland និង Phil Foden សុទ្ធតែរកបាន ៣គ្រាប់ដូចគ្នា សម្រាប់ក្រុមម្ចាស់ផ្ទះ Man City ខណៈ ៣គ្រាប់ ដែលសម្រេចបានដោយកីឡាករ Antony ១គ្រាប់ និងកីឡាករបម្រុង Anthony Martial ២គ្រាប់ អាចជួយស្រោចស្រង់មុខមាត់របស់ក្រុម Man United បានខ្លះដែរ។

កីឡាករ Ronaldo គឺជាកីឡាករបម្រុង ដែលមិនត្រូវបានប្រើប្រាស់ ក្នុងហ្គេម កាលពីថ្ងៃអាទិត្យ ហើយនិយាយក្រោយការប្រកួត លោគ Ten Hag បានពន្យល់ថា ការសម្រេចចិត្ត ក្នុងការរក្សាស៊ុបភើស្តាររូបនេះឱ្យអង្គុយកៅអីបម្រុងដដែល គឺការពិចារណាយ៉ាងល្អិតល្អន់ម្ដងហើយម្ដងទៀត ដោយក្នុងចេតនា មិនចង់ឱ្យកីឡាកររូបនេះ មានអារម្មណ៍មួហ្មងនឹងបរាជ័យដ៏ធ្ងន់ធ្ងរបែបនេះ ពេលចូលលេង។

លោក Ten Hag បាននិយាយថា៖ «ខ្ញុំមិនបាននាំរូបគេចេញពីកៅអីបម្រុង (ប្ដូរដាក់ឱ្យលេង) ដោយសារគោរពដល់អាជីពដ៏ខ្ពង់ខ្ពស់របស់គេ។ ហើយម្យ៉ាងទៀត ពេលនោះ វាជាប្រយោជន៍ ដែលខ្ញុំអាចដាក់ឱ្យកីឡាករ Antony Martial ចូលលេង។ រូបគេ (Martial ) ត្រូវការពេលវេលា តែខ្ញុំមិនចង់ចង្អុលបង្ហាញរឿងនេះតែម្យ៉ាងដូចនោះទេ»។

កីឡាករ Ronaldo បានបង្ហាញវត្តមាន ក្នុងជម្រើសដំបូងឱ្យក្រុម Man United តែ ៣ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយក្នុងនោះ ២ដង សម្រាប់ការប្រកួត នៅក្របខ័ណ្ឌ Europa League របស់អឺរ៉ុប៕