កីឡា

Wolves បញ្ចប់តំណែងលោក Lage ក្រោយធ្លាក់ទៅតំបន់គ្រោះថ្នាក់

ក្លិប Wolverhampton Wanderers (Wolves) បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Bruno Lage កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមាននូវការចាប់ផ្តើមមិនបានល្អ នៅក្របខ័ណ្ឌ Premier League នារដូវកាលនេះ។

ការបង្ហាញនូវទម្រង់លេងដោយគ្មានថាមពល ក្នុងការបរាជ័យ ២-០ កាលពីថ្ងៃសៅរ៍ នៅឯផ្ទះរបស់ក្រុម West Ham បាននាំឱ្យក្រុមទៅពីទឹកដី Molineux ធ្លាក់ចូលទៅ ក្នុងតំបន់ ដែលត្រូវកាត់ចោល ដោយរកបានតែ ៦ពិន្ទុប៉ុណ្ណោះ ក្នុងចំណោមការប្រកួតចំនួន ៨លើក។

ជាងនេះទៅទៀត គ្មានក្រុមណាមួយ នៅ Premier League បានកត់ត្រានូវចំនួនគ្រាប់បាល់តិចជាង ៣គ្រាប់របស់ក្រុម Wolves នោះទេ។ ការចាប់ផ្តើមដ៏គួរឱ្យអស់សង្ឃឹមរបស់ពួកគេ នៅរដូវកាលនេះ កើតឡើងបន្ទាប់ពីការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ នារដូវក្តៅ ដែលបានឃើញថា កីឡាករចំនួន ៦នាក់ ធ្វើដំណើរមកដល់ទឹកដី Molineux។

ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ប្រធានក្លិប Wolves លោក Jeff Shi  បានសម្តែងការដឹងគុណរបស់គាត់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក Lage និងពោលកោតសរសើរ ចំពោះសមត្ថភាពរបស់បុរសសញ្ជាតិព័រទុយហ្គាល់ ក្នុងនាមជាអ្នកចាត់ការក្រុម។

លោក Shi បាននិយាយថា៖ «លោក Bruno (Lage) គឺជាគ្រូបង្វឹកដ៏ល្អម្នាក់ ជាអ្នកចាត់ការក្រុម ដែលឧស្សាហ៍ព្យាយាម និងលះបង់ខ្ពស់ និងជាមនុស្សម្នាក់ ដែលមានភាពកក់ក្តៅ ប្រាជ្ញា និងស្មោះត្រង់។ គាត់ និងបុគ្គលិកក្រុមការងាររបស់គាត់រីករាយ ក្នុងការធ្វើការជាមួយពេលវេលា នៅក្លិប Wolves ដូច្នេះ វាជារឿងសោកស្ដាយណាស់ ដែលយើងត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបែបនេះ។ និយាយដោយស្មោះ ខ្ញុំគ្មានសង្ស័យពីសមត្ថភាពរបស់លោក Bruno ហើយខ្ញុំប្រាកដថា គាត់នឹងមានភាពជោគជ័យនៅកន្លែងផ្សេង»។

លោកប្រធានក្លិបបន្ថែមថា៖ «តែទម្រង់លេងរបស់ក្រុម ប៉ុន្មានខែចុងក្រោយនេះ មានន័យថា យើងគ្មានជម្រើសអ្វីក្រៅពីធ្វើសកម្មភាពអ្វីមួយនោះទេ។ តាងនាមឱ្យគ្រប់គ្នា នៅក្លិប Wolves ខ្ញុំសូមថ្លែងអំណរគុណចំពោះលោក Bruno និងក្រុមគ្រូបង្ហាត់របស់គាត់ សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបំពេញតួនាទីរបស់ខ្លួន នៅក្លិប ហើយសូមជូនពរឱ្យពួកគេជួបសំណាងល្អ នាពេលអនាគត»៕