កីឡា

Infantino ថា ជាថ្ងៃខ្មៅងងឹត សម្រាប់បាល់ទាត់ ក្រោយហេតុការណ៍រត់ជាន់គ្នា នៅឥណ្ឌូនេស៊ី

ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បានចូលរួមរំលែកទុក្ខ នៅក្នុងថ្ងៃដ៏ខ្មៅងងឹត បន្ទាប់ពីមានមនុស្សយ៉ាងហោចណាស់ ១៧៤នាក់ បានស្លាប់ ក្នុង ហេតុការណ៍រត់ជាន់គ្នា នៅឯការប្រកួត នៅក្របខ័ណ្ឌ Premier League របស់ឥណ្ឌូនេស៊ី (Liga 1) រវាងក្រុម Arema FC និង Persebaya Surabaya។

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងការប៉ុនប៉ងបំបែកក្រុមអ្នកគាំទ្រ ដែលបង្កឱ្យមានភាពចលាចល នៅលើទីលាន បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Arema រងបរាជ័យ ក្នុងលទ្ធផល ៣-២ ពីការប្រកួត ក្នុងកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang កាលពីថ្ងៃសៅរ៍។

លោក Nico Afinta មេប៉ូលិស ក្នុងខេត្ត East Java បានប្រាប់ថា មនុស្សបានស្លាប់ បន្ទាប់ពីត្រូវបានរត់ជាន់ ហើយថប់ដង្ហើម ខណៈដែលពួកគេរត់ឆ្ពោះទៅច្រកចេញដូចគ្នា ដោយលោក Afinta បាននិយាយថា អ្នកទស្សនាចំនួន ៣ ០០០នាក់ ក្នុងចំណោមអ្នកចូលទស្សនាប្រមាណ ៤០ ០០០នាក់ បានសម្រុកចូលទីលាន ដែលចាប់ផ្តើមបង្កឱ្យមានភាពចលាចល។

សេចក្ដីរាយការណ៍ដំបូង បានឱ្យដឹងថា មនុស្សប្រហែល ១៣០នាក់ បានបាត់បង់ជីវិត តែក្រោយមកក្រុមមន្ត្រី បានបញ្ជាក់អះអាងថា ចំនួនអ្នកស្លាប់ បានកើនឡើង។

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានបើកការស៊ើបអង្កេត ចំពោះសោកនាដកម្មនេះ ខណៈលោក Infantino របស់ FIFA បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពិភពបាល់ទាត់ កំពុងស្ថិតក្នុងស្ថានភាពតក់ស្លុត បន្ទាប់ពីមានហេតុការណ៍សោកនាដកម្ម ដែលបានកើតឡើង ក្នុងប្រទេសឥណ្ឌូនេស៊ី»។

លោក Infantino បានបន្តថា៖ «នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយ សម្រាប់អ្នកដែលពាក់ព័ន្ធនឹងកីឡាបាល់ទាត់ និងសោកនាដកម្មមួយ ដែលហួសពីការបរិយាយ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុដ៏សោកសៅនេះ»។

«រួមគ្នាជាមួយ FIFA និងសហគមន៍បាល់ទាត់ពិភពលោក អារម្មណ៍ និងការអធិដ្ឋានរបស់យើងទាំងអស់ គឺនៅជាមួយជនរងគ្រោះ អ្នកដែលបានរងរបួស រួមជាមួយប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី សហព័ន្ធបាល់ទាត់អាស៊ី សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី និងលីគបាល់ទាត់ឥណ្ឌូនេស៊ី ក្នុងគ្រាដ៏លំបាកនេះ»។ លោកប្រធាន FIFA បានបន្ថែម។

គ្រប់ការប្រកួតរបស់ Liga 1 នៅសេសសល់ទាំងអស់ ដែលនឹងត្រូវធ្វើឡើង នាចុងសប្តាហ៍ ត្រូវបានផ្អាក បន្ទាប់ពីសោកនាដកម្មនេះ ខណៈដែលក្រុម Arema ត្រូវបានហាមឃាត់ ក្នុងការធ្វើម្ចាស់ផ្ទះ រហូតដល់បញ្ចប់រដូវកាលនេះ៕