កីឡា

Haaland និង Foden ធ្វើបានហ៊ែតទ្រិកដូចគ្នា ជួយមេឃខៀវបំបាក់បិសាចក្រហម ៦-៣

ខ្សែប្រយុទ្ធ Erling Haaland និង Phil Foden ធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) រៀងៗខ្លួន ខណៈដែលក្រុមមេឃខៀវ Manchester City យកឈ្នះក្រុមបិសាចក្រហម Manchester United ៦-៣ កាលពីថ្ងៃអាទិត្យ ដើម្បីរំកិលទៅក្នុងរង្វង់តែ ១ពិន្ទុ តាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ដែលពេលនេះកំពុងគ្រងតំណែងទីកំពូលតារាងនៃក្របខ័ណ្ឌ Premier League។

កីឡាករ Haaland តែងស៊ុតបញ្ចូលទីបាន ៣គ្រាប់ជានិច្ច ក្នុងការប្រកួត នៅ Premier League ក្នុងទឹកដី ៣លើកចុងក្រោយ ដែលធ្វើឱ្យចំនួនគ្រាប់សរុបរបស់គេ ក្នុងនាមជាកីឡាកររបស់ក្រុម Man City ឡើងដល់ទៅ ១៧គ្រាប់ សម្រាប់ការចូលលេង ក្នុងហ្គេមលក្ខណៈប្រកួតប្រជែងចំនួន ១០ដង ឱ្យក្រុមជើងឯកលីគកំពូលអង់គ្លេសមួយនេះ។

យ៉ាងណាក្ដី ១គ្រាប់របស់កីឡាករ Antony និង២គ្រាប់ នៅចុងម៉ោងរបស់កីឡាករ Anthony Martial បានជួយធានាឱ្យក្រុម Man United ចៀសផុតពីការបរាជ័យជាកំណត់ត្រា ក្នុងការប្រកួត រវាងក្រុមគូប្រជែង ក្នុងក្រុង Manchester តែ ១  (Manchester Derby) ខណៈពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី៦ ដោយមានគម្លាត ៩ពិន្ទុពីក្រោមក្រុម ដែលនៅលើគេ។

ចាប់តាំងពីរបូតគ្រាប់បាល់ ៤គ្រាប់ ក្នុងរយៈពេល ៤៥នាទីដំបូង នៅឯផ្ទះរបស់ក្រុម Brentford កាលពីខែសីហា ក្រុម Man United បានត្រឡប់មកប្រសើរឡើងវិញ ជាមួយនឹងជ័យជម្នះចំនួន ៤ដងជាប់ៗគ្នា នៅ Premier League ដែលជាការផ្តល់ក្តីសង្ឃឹមថា ពួកគេកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវ ក្រោមការដឹកនាំរបស់លោក Erik ten Hag។

តែជាមួយនឹងការចាញ់នេះ ក្រុមបិសាចក្រហមត្រូវបានផ្តល់នូវការក្រើនរំឭកឱ្យដឹងថា គម្លាត រវាងក្លិបយក្ស នៅក្រុង Manchester ជាមួយគ្នា ខុសគ្នាកម្រិតណា។

គ្រូបង្វឹករបស់ក្រុម Man United លោក Ten Hag បាននិយាយថា៖ «សម្រាប់ខ្ញុំ វាគឺជាការភ្ញាក់ផ្អើលមួយ។ យើងចាញ់ប្រៀបគូប្រកួត។ យើងមិនមានភាពក្លាហាន ក្នុងការលេងបាល់ ហើយមានកន្លែងសម្រាប់លេងច្រើន តែយើងមិនក្លាហានគ្រប់គ្រាន់នោះទេ។ គុណសម្បត្តិគ្រប់យ៉ាង ជារបស់ក្រុម Man City។ តែយ៉ាងណា វាអត់ពាក់ព័ន្ធពួកគេទេ។ ទម្រង់លេងរបស់យើងមិនល្អខ្លួនឯង។ វាទាក់ទងនឹងភាពជឿជាក់ ទាំងក្នុងនាមជាកីឡាករផ្ទាល់ខ្លួនម្នាក់ៗ ក៏ដូចជាក្រុមផងដែរ»៕