កីឡា

Rodgers និយាយថា លោកជាបុគ្គលល្អបំផុត ក្នុងការជួយស្រោចស្រង់ Leicester

លោក Brendan Rodgers គ្មានការសង្ស័យទេថា រូបលោកអាចដឹកនាំក្រុម Leicester City ឱ្យរស់រាន នៅក្របខ័ណ្ឌ Premier League បាន ទោះបីជាការចាប់ផ្តើម នារដូវកាលនេះ ទទួលបាននូវលទ្ធផលដ៏សែនអាក្រក់ ដោយក្រុមរបស់លោក កំពុងស្ថិតនៅបាតតារាង បន្ទាប់ពីចាញ់ ៥លើកជាប់គ្នា។

ដោយសារទម្រង់លេងមិនអាចទទួលយកបានរបស់ពួកគេនោះ ការប្រកួត នៅថ្ងៃចន្ទជាមួយនឹងក្រុមគូប្រជែងនៅតំបន៉ East Midlands គឺក្រុម Nottingham Forest ដែលកំពុងស្ថិតក្នុងសភាពយ៉ាប់យ៉ឺនដូចគ្នា អាចនឹងជាហ្គេមកំណត់អនាគតរបស់លោក Rodgers នៅក្លិប Leicester។

តែអ្នកចាត់ការរបស់ក្រុមកញ្ជ្រោងខៀវរូបនេះ នៅតែស្ថិតក្នុងអារម្មណ៍រឹងត្អឹង កាលពីថ្ងៃសុក្រ ដោយទទូចថា លោកនៅតែទទួលបានទំនុកចិត្តពីម្ចាស់ក្លិបជនជាតិថៃ បើទោះបីជាលោកបានរិះគន់ ដោយបើកចំហ និងឥតសំចៃ ចំពោះការបរាជ័យរបស់ពួកគេ ក្នុងការជួយគាំទ្រលោក ក្នុងទីផ្សារដោះដូរកីឡាករក៏ដោយ។

លោក Rodgers បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមានភាពស្មោះត្រង់ និងត្រិះរិះពីខ្លួនឯង តែខ្ញុំក៏ដឹងថា ខ្ញុំជាបុគ្គលល្អបំផុត ក្នុងការជួយក្រុមនេះឱ្យឆ្ពោះទៅមុខ។ ខ្ញុំមិនបាន (និយាយជាមួយម្ចាស់ក្លិប) ទេ។ ម្ចាស់ក្លិបជឿជាក់លើខ្ញុំ ហើយរំពឹងថា ខ្ញុំនឹងកែប្រែស្ថានការណ៍បាន បើពួកគេអស់ទំនុកចិត្តនោះ ពួកគេនឹងប្រាប់ខ្ញុំ»។

«ការសន្ទនារបស់យើង គឺបើកចំហ និងស្មោះត្រង់ណាស់។ ខ្ញុំបានជួបអ្នកដឹកនាំកំពូល (លោក Aiyawatt Srivaddhanaprabha ដែលជាម្ចាស់ក្លិប Leicester) ជាច្រើនដង ហើយយើងបាននិយាយគ្នា នៅពេលដែលគាត់មកចូលរួមបញ្ចប់ហ្គេមជាមួយគ្នា។ ខ្ញុំមិនមានអ្វីក្រៅពីទទួលបានការគាំទ្រពីក្លិបទេ តែពួកគេក៏យល់ពីទីតាំង ដែលយើងកំពុងឈរ ហើយនោះជាមូលហេតុ ដែលយើងទន្ទឹងរង់ចាំការប្រកួតនៅថ្ងៃចន្ទ»។ អ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើង បានបន្ថែម៕