កីឡា

Hamraoui ត្រឡប់មកហ្វឹកហាត់ជាមួយ PSG ក្រោយការចាប់ខ្លួនការវាយដំរាងកាយ

កីឡាការិនី Kheira Hamraoui កាលពីថ្ងៃសុក្រ បានចាប់ផ្ដើមការហ្វឹកហាត់ជាមួយក្រុមនារី Paris Saint-Germain (PSG) វិញហើយ ហើយបានសរសេរសាររៀបរាប់យ៉ាងវែង ដើម្បីជាការអរគុណ និងការផ្សះផ្សា។

«រីករាយដែលបានត្រឡប់មកក្រុមវិញ នៅព្រឹកនេះ»។ នេះជាសារ នៅលើបណ្ដាញសង្គម Twitter របស់កីឡាការិនី ដែលត្រូវបានបំពារបំពានរាងកាយ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយបុគ្គលពាក់ម៉ាស់។

កីឡាការិនី Aminata Diallo ដែលជាអតីតមិត្តរួមក្រុម PSG និងក្រុមជម្រើសជាតិបារាំងរបស់នាង ត្រូវបានចោទប្រកាន់ពីបទបង្កហិង្សាធ្ងន់ធ្ងរ និងការជួបជុំគ្នាបង្កឧក្រិដ្ឋកម្ម ហើយត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យតាមដានរបស់តុលាការ សម្រាប់ការរួមចំណែករបស់នាង ក្នុងហេតុការណ៍វាយដំនោះ។

បុរស ៥នាក់ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ហើយខ្សែបម្រើ Hamraoui វ័យ ៣២ឆ្នាំ បានបង្ហោះសារអរគុណដល់គ្រប់គ្នា ដែលបានគាំទ្រនាង អំឡុងពេលត្រូវបានប្រព័ន្ធផ្សព្វផ្សាយវាយប្រហារ ដែលតាមមកក្រោយហេតុការណ៍វាយតប់គ្នារបស់នាង កាលពីជិត ១ឆ្នាំមុន។

កីឡាការិនីរូបនេះ បានសរសេរផងដែរថា៖ «សារនៃការផ្សះផ្សា សន្តិភាព និងសេចក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នា ដែលបានពោលពាក្យអសុរោះ ប្រមាថ និងរិះគន់ ចំពោះខ្ញុំ ខ្ញុំមិនបន្ទោសពួកគេទេ ហើយខ្ញុំនៅតែជឿជាក់ថា ពួកគេត្រូវបានបោកប្រាស់»។

កីឡាការិនី Hamraoui ត្រូវបានដកចេញក្រុម PSG តាំងពីខែមេសា បន្ទាប់ពីទំនាក់ទំនងរបស់នាងជាមួយមិត្តរួមក្រុមជាច្រើនត្រូវបានគេរាយការណ៍ថា កាន់តែយ៉ាប់យ៉ឺនទៅៗ ព្រោះតែពួកគេ បានស្តីបន្ទោសនាង ចំពោះការចាប់ខ្លួនកីឡាការិនី Diallo លើកទី១ កាលពីខែវិច្ឆិកា។ បញ្ហាផ្លូវច្បាប់ជុំវិញក្រុមនារី PSG កាន់តែមានភាពស៊ីជម្រៅទៅៗ កាលពីល្ងាចថ្ងៃសុក្រ។

រដ្ឋអាជ្ញាបានប្រាប់ AFP ថា ខ្សែប្រយុទ្ធ Sandy Baltimore គឺជាកម្មវត្ថុនៃពាក្យបណ្តឹងរបស់អតីតមិត្តភ័ក្តិ ដែលបានចោទប្រកាន់កីឡាការិនីរូបនេះថា បានដាល់នាងជាច្រើនដងកាលពីខែឧសភា។ បណ្ដាញសារព័ត៌មាន នៅបារាំង បានរាយការណ៍ថា អ្នកទាំង២ មានជម្លោះផ្ទាល់ខ្លួន កាលពីខែកុម្ភៈ៕