កីឡា

Messi ចង់ចេញពី PSG ខណៈ Ronaldo មានសំណើពីក្លិបនៅអារ៉ាប់ប៊ីសាអ៊ូឌីត

ទោះបីជាទីផ្សារដោះដូរកីឡាករ បានបញ្ចប់ទៅហើយក្ដី ក៏ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងក្លិបនីមួយៗ ក្នុងការចង់បានកីឡាករនានា នៅតែមានមិនដាច់នោះឡើយ ហើយខាងក្រោមនេះ គឺជាការផ្សាយពីបណ្ដញាសារព័ត៌មានជាច្រើន អំពីពាក្យខ្សឹបខ្សៀវនៃការផ្លាស់ប្ដូរក្លិបរបស់កីឡាករ និងការចាប់អារម្មណ៍របស់ក្លិបទាំងឡាយ។

កីឡាករ Lionel Messi នឹងមិនចុះកុងត្រាថ្មីជាមួយក្លិប Paris Saint-Germain ទេ ខណៈដែល ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនសម្លឹងរកការជួយសម្រួល ដើម្បីបានត្រឡប់ទៅក្លិបចាស់ Barcelona វិញ ក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់ខ្លួន។ កិច្ចសន្យាបច្ចុប្បន្នរបស់រូបគេ ជាមួយក្លិបយក្សក្រុងប៉ារីស ត្រូវបញ្ចប់ នៅចុងរដូវកាលនេះ តែនៅតែមានជម្រើសក្នុងការបន្ត ១ឆ្នាំទៀត។

(Beteve)កីឡាករ Cristiano Ronaldo បានបើកចំហពីការផ្លាស់ទៅចូលរួមជាមួយក្រុម Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត នារដូវក្តៅនេះ ប៉ុន្តែការផ្លាស់ប្តូរ ត្រូវបរាជ័យ ដោយសារតែបញ្ហាការចុះឈ្មោះ។ នេះបើយោងតាមប្រធានក្លិប លោក Fahad ben Nafel។ (Thamanya)

ក្រុមហង្សក្រហម Liverpool កំពុងរៀបចំត្រៀម សម្រាប់លទ្ធភាព ដែលកីឡាករ Jude Bellingham អាចនឹងទៅចូលរួមជាមួយក្លិប Real Madrid នៅរដូវក្តៅក្រោយ ហើយកំពុងកំណត់គោលដៅលើខ្សែបម្រើផ្សេងជំនួសវិញ ដូចជាកីឡាករ Enzo Fernandez របស់ក្រុម Benfica ជាដើម។ (Fichajes)បើទោះបីជាក្រុមហង្សក្រហម ទំនងជាមិនផ្ទេរយកកីឡាករ Bellingham ពីក្លិប Borussia Dortmund (BVB) ក៏ដោយ ក៏កីឡាករម្នាក់របស់ក្រុមយក្សអង់គ្លេស អាចនឹងធ្វើដំណើរទៅកាន់ទឹកដី Signal-Iduna Park ដ្បិតខ្សែបម្រើ Naby Keita នៅតែចាប់អារម្មណ៍ក្រុម BVB។

(Daily Star)ក្លិប Juventus បង្កើនការចាប់អារម្មណ៍កាន់តែខ្លាំងលើកីឡាករ Christian Pulisic តែក្លិប Chelsea បានប្តេជ្ញាថា ក្លិបនឹងមិនលក់កីឡាកររូបនេះ ក្នុងតម្លៃក្រោម ៣១លានផោន(ជាង ៣៤លានដុល្លារ) ឡើយ។ (Calciomercato)សមាជិករបស់ក្រុមតោខៀវ Chelsea ម្នាក់ទៀត ដោយមានអ្នកសរសើរ នៅប្រទេសអ៊ីតាលី គឺ Armando Broja ដែលជាគោលដៅផ្ទេរ សម្រាប់ក្រុម AC Milan ខណៈដែលពួកគេសម្លឹងដល់ការនាំយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះមកពង្រឹងក្រុម។ (Calciomercato)កីឡាករគោលដៅរបស់ក្រុមអ្នកមានបុណ្យ Barcelona គឺ Martin Zubimendi ជិតចុះកុងត្រាថ្មីជាមួយក្លិប Real Sociedad ហើយ។ ក្រុម Barca ត្រូវបានគេដឹងថា តាមដានខ្សែបម្រើរូបនេះ ដោយចាត់ទុកថា ជាអ្នកស្នងតំណែងរយៈពេលវែងរបស់កីឡាករ Sergio Busquets ដែលបានពោលសរសើរយ៉ាងខ្លាំង ចំពោះកីឡាករវ័យ ២៣ឆ្នាំ នាពេលថ្មីៗនេះ។ (El Diario Vasco)

កីឡាករ Jesper Lindstrom ដែលជាខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិដាណឺម៉ាក និងក្រុម Eintracht Frankfurt បាននិយាយពីភាពរីករាយរបស់ខ្លួន ដែលត្រូវបានភ្ជាប់ទំនាក់ទំនងនឹងការផ្លាស់ទៅកាន់ក្លិបកំពូល ដូចជាកាំភ្លើងធំ Arsenal។ (Tipsbladet)៕