កីឡា

Romeu និយាយថា Messi ទំនងអាចវិលទៅ Barcelona វិញ ឆ្នាំក្រោយ

អនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ក្លិប Barcelona លោក Eduard Romeu បានទទូចថា ក្លិបអាចនឹងមានលទ្ធភាពនាំយកស៊ុបភើស្តារ Lionel Messi ត្រឡប់មកកាន់ទឹកដី Camp Nou វិញ នៅឆ្នាំក្រោយ។

ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ដឹងថា កិច្ចសន្យារបស់ខ្លួនជាមួយក្លិប Paris Saint-Germain (PSG) នឹងបញ្ចប់ នៅរដូវកាលនេះ ហើយត្រូវបានគេរាយការណ៍ថា នឹងសម្រេចចិត្តពីអនាគតរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។

ប្រសិនបើកីឡាករ Messi អាចផ្ទេរដោយឥតតម្លៃខ្លួននោះ ក្លិបជាច្រើនទំនងជាត្រូវបានគេប៉ាន់ស្មានថា មានចំណាប់អារម្មណ៍លើកីឡាកររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ហើយលោក Romeu បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិប Barca អាចមានលទ្ធភាព ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងកើតឡើងបាន។

គាត់បានប្រាប់បណ្ដាញសារព័ត៌មាន Mundo Deportivo ថា៖ «ដោយសារវានឹងជាការផ្ទេរឥតតម្លៃខ្លួន ដូច្នេះ វាច្បាស់ណាស់ថា ជាអ្វីមួយ ដែលយើងអាចលៃលកបាន។ តែរឿងនេះ នឹងក្លាយជាការសម្រេចចិត្តផ្នែកបច្ចេកទេស»។

បើទោះបីជាកីឡាករ Messi នឹងមិនទាមទារថ្លៃនៃការផ្ទេរ ប្រសិនបើកុងត្រារបស់គេជាមួយក្រុម PSG អស់សុពលភាពក៏ដោយ ក៏ទឹកប្រាក់ដ៏ច្រើន នឹងត្រូវតែត្រូវការ សម្រាប់តម្លៃនឿយហត់របស់គេ។

រូបគេបានចំណាយពេល ២១ឆ្នាំជាមួយក្រុម Barca ដោយស៊ុតបញ្ចូលទីបាន ៦៧២គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនចំនួន ៧៧៨ដង មុនពេលចាកចេញទៅចូលរួមជាមួយក្រុម PSG ដោយឥតតម្លៃខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងខែសីហា ឆ្នាំ២០២១។

បន្ទាប់ពីបានធ្វើការវិនិយោគយ៉ាងច្រើន ក្នុងក្រុម អំឡុងទីផ្សារដោះដូរកីឡាករ លោក Romeu បានប្រាប់បន្ថែមទៀតថា ការបញ្ចូលកីឡាករថែមទៀត ក្នុងក្រុម អាចត្រូវបានធ្វើឡើង ក្នុងខែមករាខាងមុខនេះ៕