កីឡា

Inter ខាតបង់ជិត ១៣៤លានដុល្លារ ក្នុងរដូវកាល ២០២១-២០២២

ក្លិប Inter Milan បានប្រកាស កាលពីថ្ងៃពុធថា ក្លិបបានខាតបង់នូវទឹកប្រាក់ចំនួន ១៤០លានអឺរ៉ូ (១៣៣,៩លានដុល្លារ) សម្រាប់រដូវកាល ២០២១-២០២២ ដែលជាការធ្លាក់ចុះដ៏ច្រើន ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។

ការខាតបង់ដែលក្លិប Inter បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គឺដោយសារការរឹតបន្តឹងទប់ស្កាត់ការឆ្លងរបស់វីរុស ដែលនៅតែបន្តមាន កាលពីពាក់កណ្ដាលដើមរដូវកាលមុន គឺប្រហែល ១០៥លានអឺរ៉ូ ដែលតិចជាងការខាតបង់ នារដូវកាលមុនៗ។ ប្រាក់ចំណូលរបស់ក្លិប ក៏កើនឡើង ៧៥លានអឺរ៉ូ កាលពីរដូវកាលកន្លងទៅដល់ចំនួន ៤៣៩,៦លានអឺរ៉ូ។

ក្លិប Inter បានឱ្យដឹងថា ប្រសិនបើចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០ (ដែលឈានដល់ឆ្នាំសារពើពន្ធ បន្ទាប់ពីជំងឺរាតត្បាតរាត កើតមាននៅទ្វីបអឺរ៉ុប) មិនត្រូវបានយកមកគិតទេនោះ ការកើនឡើងប្រាក់ចំណូលដល់ ១៤០លានអឺរ៉ូ។

តែយ៉ាងណាក៏ដោយចុះ ក្លិប Inter បានប្រាប់ថា ម្ចាស់ក្លិបក្រុមហ៊ុន Suning បានបង្ហាញជាផ្លូវការនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រក្រុម ដើម្បីធ្វើការដោះស្រាយ ចំពោះការខាតបង់នេះ។

កាលពីថ្ងៃសុក្រ ក្លិប Juventus ដែលក្រុមគូប្រជែង នៅក្របខ័ណ្ឌ Serie A របស់ក្រុម Inter បានប្រកាសពីការខាតបង់ចំនួន ២៥៤,៣លានអឺរ៉ូ ពោលគឺជារយៈពេល ៥ឆ្នាំជាប់ៗគ្នា ដែលគណនីរបស់ក្លិបយក្សក្រុង Turin មានចំណូលតិចជាងចំណាយ៕