កីឡា

Benzema នឹងត្រឡប់មកមានសកម្មភាពជាថ្មី ក្រោយចាប់ផ្ដើមហ្វឹកហាត់វិញ

កីឡាករ Karim Benzema កំពុងមានអារម្មណ៍ល្អណាស់ ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួម ក្នុងការប្រកួតបន្ទាប់របស់ក្រុមអធិរាចស Real Madrid បន្ទាប់ពីបានត្រឡប់មកហ្វឹកហាត់វិញហើយ កាលពីថ្ងៃពុធ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានខកខានការប្រកួតចំនួន ៣លើកចុងក្រោយរបស់ក្រុម Real មុនពេលឈប់សម្រាកអន្តរជាតិ ដោយសាររបួសជង្គង់ ហើយមិនបានចូលលេង ក្នុងហ្គេម នៅ Nations League ចំនួន២ដង របស់ក្រុមជម្រើសជាតិនោះឡើយ។

តែកីឡាករ Benzema បានជាសះស្បើយពីរបួស ដែលកើតមាន ពេលប៉ះជាមួយក្រុម Celtic កាលពីថ្ងៃទី៦ ខែកញ្ញា ហើយកំពុងធ្វើការប្រជែង ដើម្បីចាប់ផ្តើមលេងជម្រើសដំបូង ក្នុងការប្រកួត នៅក្របខ័ណ្ឌ La Liga នាថ្ងៃអាទិត្យនេះ ទល់នឹងក្រុម Osasuna។

ក្រោយបានវិលមកហ្វឹកហាត់វិញ កីឡាករ Benzema បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ «ខ្ញុំមានក្ដីរីករាយ ដែលបានត្រឡប់មកក្រុមវិញ។ ខ្ញុំមានអារម្មណ៍ល្អណាស់ ពោលគឺមានភាពសុខស្រួលក្នុងចិត្ត។ ខ្ញុំកំពុងទន្ទឹងរង់ចាំការប្រកួត នៅថ្ងៃអាទិត្យ។ ខ្ញុំបានធ្វើលំហាត់ប្រាណច្រើនណាស់ ខ្ញុំមិនបានប៉ះបាល់ទេ តែខ្ញុំបានហ្វឹកហាត់ជាលើកដំបូងនៅថ្ងៃនេះ។ ខ្ញុំបានរត់ និងហ្វឹកហាត់កម្លាំងខ្លាំងណាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ»។

កីឡាករ Benzema ស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត ១គ្រាប់ទៀត ក្នុងចំណោមការចូលលេង ក្នុងហ្គេមបើកឆាក ៥លើកដំបូង នារដូវកាលនេះ មុនពេលដែលរូបគេដើរខ្ចើចៗចេញពីទីលាន ក្នុងការប្រកួត ដែលក្រុមយក្សក្រុងម៉ាឌ្រីដ ឈ្នះក្រុម Celtic ៣-០ នៅក្របខ័ណ្ឌ Champions League៕