កីឡា

Kante ត្រឡប់មកហ្វឹកហាត់ជាមួយ Chelsea វិញហើយ

ខ្សែបម្រើ N’Golo Kante របស់ក្រុម Chelsea បានត្រឡប់មកហ្វឹកហាត់វិញហើយ ដែលជាកម្លាំងជំរុញដ៏ធំ សម្រាប់ក្រុមតោខៀវដ៏យ៉ាប់យ៉ឺន បន្ទាប់ពីបានបាត់មុខពីការប្រកួតចំនួន ៦ លើកចុងក្រោយរបស់ក្រុម គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់។

កីឡាករ Kante ដែលមិនបានបង្ហាញខ្លួនផងដែរ សម្រាប់ហ្គេម ក្នុងកម្មវិធី Nations League របស់ក្រុមជម្រើសជាតិបារាំង ក្នុងខែកញ្ញានេះ មិនបានចូលលេង តាំងពីពាក់កណ្តាលខែសីហាមកម្ល៉េះ ពេលក្រុម Chelsea ស្មើជាមួយក្រុម Tottenham Hotspur ២-២។ ពួកគេបានឈ្នះតែ ២ដងប៉ុណ្ណោះ ពេលអវត្តមានរបស់កីឡាកររូបនេះ ហើយបានរងបរាជ័យ ដោយមិននឹកស្មានដល់ ក្រោមដៃរបស់ក្រុម Leeds Unitded, Southampton និង Dinamo Zagreb។

កីឡាករសញ្ជាតិបារាំង បានចូលរួមជាមួយក្លិបដ៏ពិសេសនេះ ក្នុងចំណោមកីឡាករដទៃទៀត ដែលឈ្នះពានរង្វាន់របស់ក្របខ័ណ្ឌ Premier League បន្តបន្ទាប់គ្នា ក្នុងឆ្នាំ២០១៧ នៅពេលដែលគាត់បានធ្វើដំណើរមកកាន់ក្លិប Chelsea បន្ទាប់ពីបានលើកពានជាមួយក្រុមរួមលីគ Leicester នៅមុនហ្នឹង។ រូបគេត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA, FWA និង Premier League ហើយក៏បានជួយបារាំងឈ្នះពាន World Cup នៅ ១២ខែក្រោយមក។

ជោគជ័យរបស់ក្លិប Chelsea ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងទម្រង់លេងរបស់កិឡាករ Kante ដោយក្នុងនោះក្លិបក៏បានឈ្នះពានរង្វាន់ ក្នុងកម្មវិធី FA Cup ក្នុងឆ្នាំ២០១៨ Europa League ឆ្នាំ២០១៩ និង Champions League នៅឆ្នាំ២០២១។

តែរូបគេបានខកខានចូលលេងជាច្រើនហ្គេម ក្នុងរដូវកាល ២០១៩-២០២០ នៅពេលដែល Chelsea អត់បានឈ្នះអ្វីទាំងអស់ ហើយបានបង្ហាញខ្លួន ក្នុងជម្រើសដំបូង ដោយមានកំណត់ត្រឹមតែ ២១លើកប៉ុណ្ណោះនៅ Premier League រដូវកាល ២០២១-២០២២ ខណៈដែលក្រុមបានឈ្នះពានរង្វាន់តូចតាច គឺ UEFA Super Cup និង FIFA Club World Cup នាដើមរដូវកាលនេះ។

ក្រុមតោខៀវ Chelsea កំពុងត្រៀមត្រឡប់មកមានសកម្មភាពលើទីលានវិញ ក្នុងការប្រកួត នៅ Premier League នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយពួកគេត្រូវធ្វើដំណើរមិនជាឆ្ងាយប៉ុន្មានឆ្លងកាត់ទីក្រុងឡុងដ៍ ដើម្បីទៅជួបជាមួយក្រុម Crystal Palace។ ការប្រកួតនោះ ត្រូវតាមមកដោយហ្គេមបន្តបន្ទាប់ នៅ Champions League ទាំងក្នុង និងក្រៅទឹកដី ដោយត្រូវតទល់នឹងក្រុម AC Milan មុននឹងវិលមកប៉ះជាមួយក្រុម Wolves ក្នុងជំនួបនៅលីគកំពូលរបស់អង់គ្លេសវិញ៕