កីឡា

Araujo ការពារការសម្រេចចិត្ត ក្នុងការវះកាត់ នៅមុន World Cup

កីឡាករ Ronald Araujo បានធ្វើការការពារ ចំពោះការសម្រេចចិត្តរបស់ខ្លួន ដែលជ្រើសរើស ក្នុងការវះកាត់ភ្លៅ បន្ទាប់ពីមានការរិះគន់ ពីការសម្រេចបែបនេះ ដោយអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។

ខ្សែការពារកណ្តាលរបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះ គ្រោងនឹងបាត់មុខ ពីការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ FIFA World Cup នៅរដូវរងានេះ ដោយការវះកាត់នេះ ដែលមានន័យថា កីឡាករ Araujo នឹងត្រូវការពេល ៣ខែ សម្រាប់ការសម្រាក ដើម្បីជាសះស្បើយពេញបរិបូរឡើងវិញ។

ការសម្រាក ក្នុងរយៈពេលដ៏យូរនេះ បានធ្វើឱ្យប្រជាជន ក្នុងប្រទេសអ៊ុយរូហ្គាយ មានការខឹងសម្បា ខណៈដែលក្រុមជម្រើសជាតិរបស់ពួកគេ នឹងគ្មានកីឡាករជម្រើសដំបូងម្នាក់របស់ពួកគេ សម្រាប់ព្រឹត្តិការណ៍ នៅប្រទេសកាតា នាពេលខាងមុខនេះ។

ឆ្លើយតបនឹងការរិះគន់នេះ តាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួន កីឡាករ Araujo បានឱ្យដឹងថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ពីហេតុផល ដែលខ្ញុំបានសម្រេចចិត្ត ដើម្បីចៀសពីពាក្យពេចន៍លេចឮទាំងឡាយ។ ខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់ក្រុមជម្រើសជាតិរបស់ខ្ញុំ»។

កីឡាករវ័យ ២៣ឆ្នាំ បានបន្តថា៖ «បន្ទាប់ពីបានពិគ្រោះបញ្ហានេះ ជាមួយអ្នកជំនាញផ្សេងៗ យើងបានសម្រេចចិត្តថា អ្វីដែលល្អបំផុត គឺការវះកាត់។ នេះមិនពាក់ព័ន្ធនឹងការជ្រើសរើសជម្រើសមួយ ឬជម្រើសផ្សេងទៀតនោះទេ វាគឺទាក់ទងនឹងសុខភាព ហើយវាពាក់ព័ន្ធនឹងការត្រឡប់ទៅមានសុខភាពល្អឡើង ១០០% វិញឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន»។

«ក្នុងអារម្មណ៍ផ្ទាល់ខ្លួន ទាំងនេះគឺជាពេលវេលាដ៏លំបាក ហើយខ្ញុំចង់ឆ្លៀតឱកាសនេះ ដើម្បីអរគុណអ្នកគ្រប់គ្នា សម្រាប់ការគាំទ្រ ដែលបានផ្ដល់មកឱ្យខ្ញុំ។ ដោយមានការជឿជាក់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាង ខ្ញុំនឹងធ្វើគ្រប់យ៉ាងអស់ពីលទ្ធភាព ដើម្បីឱ្យខ្លួនខ្ញុំវិលមកមានភាពរឹងមាំឡើងវិញ យ៉ាងលឿនបំផុត តាមដែលអាចធ្វើទៅបាន»។ នេះជាការរៀបរាប់បន្ថែមរបស់កីឡាករ Araujo។ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយត្រូវប្រឈមជាមួយក្រុមកូរ៉េខាងត្បូង  ព័រទុយហ្គាល់ និងហ្គាណា ក្នុងពូល H នៅ World Cup នារដូវរងានេះ៕