កីឡា

អតីតកីឡាករជម្រើសជាតិអង់គ្លេស ប្រកាសចូលនិវត្តន៍ពីបាល់ទាត់

អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស Fabian Delph ដែលធ្លាប់លេងជាមួយក្រុម Everton, Aston Villa, Manchester City និង Leeds United បានបញ្ជាក់ថា រូបគេនឹងបញ្ចប់អាជីព នៅ Everton ដែលជាក្លិបចុងក្រោយរបស់ខ្លួន។

កីឡាករ Delph វ័យ ៣២ឆ្នាំ បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ បន្ទាប់ពីកិច្ចសន្យារបស់ខ្លួន ជាមួយក្លិប Everton ផុតកំណត់ នារដូវក្តៅ ហើយដោយគួបផ្សំនឹងរយៈពេលច្រើនឆ្នាំនៃការមានបញ្ហារបួសញឹកញាប់ផងនោះ រូបគេក៏សម្រេចចិត្តបែរខ្នងដាក់អាជីពនេះយ៉ាងពិតប្រាកដ។

«ថ្ងៃនេះ ខ្ញុំចង់ប្រកាសពីការចូលនិវត្តន៍ដោយរីករាយពីអ្វីដែលកីឡាបាល់ទាត់បានផ្តល់ឱ្យខ្ញុំ។ ខ្ញុំមានសំណាងគ្រប់គ្រាន់ ក្នុងកាបានរលេងឱ្យក្លិបដ៏អស្ចារ្យមួយចំនួន។ ហើយខ្ញុំមានការគាំទ្រដ៏ល្អពីអ្នកគាំទ្រ»។ នេះជាការរៀបរាប់របស់កីឡាករ Delph ដែលបានចូលលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ២០ដង លើបណ្ដាញសង្គម Instagram កាលពីថ្ងៃទី២៧ ខែកញ្ញា។

កីឡករ Delph បានចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅក្លិប Leeds ហើយបានផ្លាស់ទៅក្រុម Villa មុនពេលត្រូវបានក្លិប Man City នាំយកទៅរួមទ័ព (ក្រុម) ជាកន្លែង ដែលរូបគេបានឈ្នះពានរង្វាន់របស់ក្របខ័ណ្ឌ Premier League ២លើកជាមួយក្រុមមេឃខៀវ ទោះបីជាមិនបានចូលលេងច្រើនក៏ដោយ។ ហើយជារួម រូបគេបង្ហាញខ្លួនបាន ២០៤ដង នៅ Premier League សម្រាប់ក្លិប Everton, Villa និង Man City៕