កីឡា

Deschamp សរសើរការឆ្លើយតបរបស់ក្រុមបារាំង ក្រោយឈ្នះអូទ្រីស

លោក Didier Deschamps បានកោតសរសើរ ចំពោះក្រុមជម្រើសជាតិបារាំង ដែលបានឆ្លើយតបជាមួយនឹងជ័យជម្នះ ២-០ បើទោះបីជាមានពេលវេលាតិចតួច ក្នុងការរៀបចំ ដើម្បីប្រឈមនឹងក្រុមអូទ្រីស សម្រាប់ការប្រកួត ក្នុងកម្មវិធី Nations League ក៏ដោយ។

កីឡាករ Paul Pogba, N’Golo Kante និង Hugo Lloris ស្ថិតក្នុងចំណោមកីឡាករឆ្នើមៗ ដែលអវត្តមាន សម្រាប់ក្រុមជម្រើសជាតិបារាំង ដោយសាររបួស ខណៈកីឡាករ Jules Kounde ដែលជាសមាជិកថ្មីៗរបស់ក្រុមអ្នកមានបុណ្យ Barcelona បានដើរខ្ចើចៗចេញពីការប្រកួត នៅ Nations League កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។

តែខ្សែប្រយុទ្ធ Kylian Mbappe បានផ្តល់ថាមពលដល់ក្រុមម្ចាស់ផ្ទះ ក្នុងវគ្គទី២ ដើម្បីធ្វើឱ្យក្រុមរបស់លោក Deschamps ឆ្ពោះទៅរកជ័យជម្នះ មុនពេលកីឡាករ Olivier Giroud ដែលមានអាយុ ៣៥ឆ្នាំ និង ៣៥៧ថ្ងៃ បានក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យចំណាស់បំផុតរបស់ក្រុមបារាំង។

គ្រាប់បាល់ផ្ទួនៗ ២គ្រាប់ ក្នុងវគ្គទី២ ពីកីឡាករ Mbappe និង Giroud បានជួយឱ្យបារាំងគេចផុតពីការកាត់ចេញពី Nations League ដោយការដណ្ដើមបានជ័យជម្នះលើកដំបូងរបស់ពួកគេ ដែលលទ្ធផលនេះ បានជួយរំកិលឱ្យមានពិន្ទុឃ្លាតដាច់ពីក្រុមអូទ្រីស ជាមួយនឹងការប្រកួត នៅសល់ ១លើកទៀត។

បន្ទាប់ពីលោក Deschamps ត្រូវតស៊ូនឹងបញ្ហាកីឡាកររបួសច្រើន គ្រូបង្វឹករបស់ក្រុមបារាំងរូបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការងារ ដែលបានបញ្ចប់ទៅយ៉ាងល្អ ហើយលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ M6 ថា៖ «ខ្ញុំពេញចិត្តនឹងវិធីដែលយើងលេង។ ជ័យជម្នះមានសារសំខាន់ ហើយយើងបានធ្វើអ្វីគ្រប់យ៉ាង ដែលយើងត្រូវធ្វើ បង្កើតឱកាសច្រើន និងគ្រប់គ្រងហ្គេមជាមួយកីឡាករ ដែលមិនធ្លាប់លេងជាមួយគ្នាសោះ»។

«យើងមានពេលតិចតួចណាស់ ក្នុងការរៀបចំត្រៀមខ្លួន ដោយគ្រប់គ្នាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ការប្រកួតនេះ បានបង្ហាញឱ្យឃើញនូវចំណុចវិជ្ជមានជាច្រើន»។ លោក Deschamps បានបន្ថែម។

ក្រុមបារាំងនឹងធ្វើដំណើរឆ្ពោះទៅប្រកួតចុងក្រោយ ក្នុងកម្មវិធី Nations League ដោយជោគវាសនារបស់ពួកគេ នៅក្នុងដៃរបស់ពួកគេ ពេលត្រូវជួបជាមួយក្រុមដាណឺម៉ាក នាថ្ងៃអាទិត្យ ដែលជាហ្គេមប្រកួតចុងក្រោយបង្អស់របស់ក្រុមមាន់គក មុនព្រឹត្តិការណ៍ World Cup ចាប់ផ្តើមនៅប្រទេសកាតា ក្នុងខែវិច្ឆិកា៕