កីឡា

កីឡាការិនី ១៥នាក់ គំរាមចេញពីក្រុមអេស្ប៉ាញ បើគ្រូបង្វឹកមិនត្រូវបានបញ្ចប់តំណែង

សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាការិនីចំនួន ១៥រូប មកពីក្រុមនារីអេស្ប៉ាញ បានគំរាមមិនបំពេញកាតព្វកិច្ចអន្តរជាតិ ប្រសិនបើគ្រូបង្វឹករបស់ពួកគេ លោក Jorge Vilda មិនត្រូវបានបញ្ចប់តំណែងទេនោះ។

បណ្ដាញសារព័ត៌មានក្នុងស្រុកនានា បានរាយការណ៍ថា ក្រុមនារីអេស្ប៉ាញ ស្ថិតក្នុងភាពចលាចល កាលពីខែមុន ដោយមានកីឡាការិនី ត្រៀមនឹងធ្វើការបះបោរទៀតផង ប្រសិនបើសហព័ន្ធមិនដកតួនាទីរបស់លោក Vilda ទេ។

RFEF បានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «RFEF អាចបញ្ជាក់បានថា ពេញមួយថ្ងៃនេះ យើងបានទទួលអ៊ីមែលចំនួន ១៥ ពីកីឡាការិនី ១៥រូបនៃក្រុមបាល់ទាត់នារី ដែលក្នុងនោះពួកគេបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នប៉ះពាល់ដល់ផ្លូវអារម្មណ៍ និងសុខភាពរបស់ពួកគេយ៉ាងខ្លាំង ហើយថា ដរាបណាវាមិនត្រូវបានផ្លាស់ប្តូរទេនោះ ពួកគេនឹងលាលែងពីក្រុមជម្រើសជាតិអេស្ប៉ាញ»។

«RFEF នឹងមិនអនុញ្ញាតឱ្យកីឡាករ-កីឡាការិនី ចោទសួរអំពីការបន្តតួនាទីរបស់គ្រូបង្វឹកជម្រើសជាតិ និងបុគ្គលិកបង្ហាត់របស់គាត់នោះទេ ព្រោះការសម្រេចទាំងនោះ មិនស្ថិតក្រោមអំណាចរបស់ពួកគេឡើយ»។ នេះជាការបន្ថែម ក្នុងសេចក្ដីប្រកាសរបស់ RFEF។

យោងតាមប្រភពស្និទ្ធនឹងស្ថានភាពនេះ កីឡាការិនីមិនសប្បាយចិត្តនឹងការគ្រប់គ្រង ចំពោះអ្នកលេង ដែលមានរបួស បរិយាកាស ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ការជ្រើសរើសក្រុមរបស់លោក Vilda និងពេលវេលាហ្វឹកហាត់របស់គ្រូបង្វឹករូបនេះ។

ជាមួយគ្នានេះ RFEF ដែលមិនបានបង្ហាញពីអត្តសញ្ញាណរបស់កីឡាការិនីទាំង ១៥នាក់នោះ បានអះអាងថា សហព័ន្ធបានគាំទ្រយ៉ាងពេញទំហឹងដល់គ្រូបង្វឹក ហើយប្រាប់ថា កីឡាការិនីទាំងនោះ នឹងមិនបានវិលមកចូលក្រុមវិញឡើយ ប្រសិនបើពួកគេមិនទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការសុំការអភ័យទោសទេនោះ៕