កីឡា

Dykes តែតបញ្ចូលទី ២គ្រាប់យ៉ាងអស្ចារ្យ ខណៈស្កុតឡេន ឈ្នះអ៊ុយក្រែន ៣-០

ក្រុមជម្រើសជាតិស្កុតឡេនបានយកឈ្នះក្រុមអ៊ុយក្រែន ៣-០ សម្រាប់ការប្រកួត ក្នុងកម្មវិធី Nations League ដោយគ្រាប់បាល់ ក្នុងវគ្គទី២ ពីសំណាក់កីឡាករ John McGinn និងកីឡាករបម្រុង Lyndon Dykes ដែលធ្វើបានសម្រេច ២គ្រាប់ ដោយការតែតបញ្ចូលទី។

បន្ទាប់ពីបរាជ័យ ក្នុងការប្រកួតវគ្គជម្រុះ World Cup ក្រោមដៃរបស់គូប្រកួតដដែលនេះ កាលពី ៣ខែមុន ក្រុមរបស់លោក Steve Clarke បានគ្រប់ដណ្ដប់យ៉ាងខ្លាំងលើគូបដិបក្ខ សម្រាប់ការជួបគ្នាលើកនេះ។

យ៉ាងណាក្ដី ទម្រាំទម្លាយភាពទាល់ច្រកបាន ត្រូវរង់ចាំដល់នាទីទី៧០ នៅពេលដែលកីឡាករ McGinn បានទាត់បាល់បញ្ចូលទីពីជ្រុង ៩០ដឺក្រេខាងក្រោម បន្ទាប់ពីទទួលបានបាល់ ពីការការបញ្ជូនឡង។ ១០នាទីក្រោយមក ការទាត់បាល់ជ្រុងរបស់កីឡាករ Ryan Fraser ត្រូវបានតែតបំប៉ោងសំណាញ់ទីយ៉ាងល្អដោយកីឡាករ Dykes។

ការទម្លុះសំណាញ់ទីយ៉ាងលឿន ២ដង បានកើតឡើង ខណៈដែលគ្រាប់បាល់ទី ៣ បានមកពីប្រភពកីឡាករដដែល ដោយកីឡាករបម្រុងទាំង២ បានរួមសហការគ្នាយ៉ាងអស្ចារ្យពីការទាត់បាល់ជ្រុងម្តងទៀត ដើម្បីធ្វើឱ្យក្រុមស្កុតឡេនបិទបញ្ចប់ការប្រកួតជាមួយនឹងរាត្រីយ៉ាងស្រស់ត្រកាល។

លទ្ធផលនេះមានន័យថា ក្រុមស្កុតឡេនកំពុងឈរទីកំពូល ក្នុងគ្រុបទី ១ (Group 1) នៃកម្មវិធី Nations League របស់ពួកគេ ដោយនាំមុខ ២ពិន្ទុដាច់លើក្រុមអ៊ុយក្រែន ជាមួយនឹងការប្រកួត នៅសល់ ២លើកទៀត៕