កីឡា

Ballon d’Or បន្ថែមពានរង្វាន់ Socrates ដល់កីឡាករដោះស្រាយបញ្ហាសង្គម

គណៈកម្មការរៀបចំកម្មវិធី Ballon d’Or បានឱ្យដឹងកាលពីថ្ងៃពុធថា ពួកគេកំពុងបន្ថែមពានរង្វាន់មនុស្សធម៌ ក្នុងពិធីឆ្នាំនេះ ដោយដាក់ឈ្មោះថា «Socrates» តាមឈ្មោះរបស់អតីតខ្សែបម្រើសញ្ជាតិប្រេស៊ីលដ៏ស្រស់សង្ហា ដែលបានទទួលសញ្ញាបត្រវេជ្ជសាស្ត្រផងដែរ។

សេចក្តីថ្លែងការណ៍ពីទស្សនាវដ្ដី France Football ដែលផ្តល់ពានរង្វាន់ Ballon d’Or នេះ បានឱ្យដឹងថា៖ «ពានរង្វាន់ឈ្មោះ Socrates នឹងកំណត់អត្តសញ្ញាណគំនិតផ្តួចផ្តើមជួយសង្គមដ៏ល្អបំផុត ដោយម្ចាស់ជើងឯក ដែលមានការប្តេជ្ញាចិត្តខ្ពស់»។

គំនិតផ្តួចផ្តើមជួយសង្គមទាំងនោះ នឹងរួមបញ្ចូលការលើកកម្ពស់សមាហរណកម្មសង្គម ការការពារបរិស្ថាន ឬជំនួយដល់ក្រុមដែលបាត់ឱកាស ការគំរាមកំហែង ឬជនរងគ្រោះនៃជម្លោះនានា។

ទស្សនាវដ្ដី France Football បានប្រាប់ថា ពួកគេបានជ្រើសរើសឈ្មោះ Socrates ដែលបានស្លាប់នៅឆ្នាំ២០១១ ក្នុងវ័យ ៥៧ឆ្នាំ ដោយសារការប្តេជ្ញាចិត្តរបស់គាត់ ចំពោះយុទ្ធនាការ ដែលគាត់បានជួយរៀបចំនៅក្លិប Corinthians របស់គាត់ នាទីក្រុង Sao Paulo ក្នុងខណៈពេលដែលប្រទេសប្រេស៊ីលស្ថិតក្រោមរបបផ្តាច់ការយោធា ដោយឱ្យឈ្មោះថា «Corinthian Democracy»។

ពានរង្វាន់នេះ នឹងត្រូវបានផ្តល់ដោយគណៈវិនិច្ឆ័យ ក្នុងនោះរួមមានទាំងលោក Rai អតីតខ្សែបម្រើរបស់ក្រុមប្រេស៊ីល និង Paris Saint-Germain ដែលជាប្អូនប្រុសរបស់លោក Socrates ក៏ដូចជាអ្នកតំណាងរបស់ទស្សនាវដ្ដី France Football និងមេដឹកនាំនៃអង្គការសន្តិភាព និងកីឡា ដែលមានមូលដ្ឋាននៅប្រទេស Monaco។

លោក Rai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Socrates តែងតែជឿជាក់លើថាមពលនៃវិស័យកីឡា ក្នុងការប្រមូលផ្ដុំ និងកែប្រែសង្គមឱ្យកាន់តែមានសមភាព។ គាត់បានបង្ហាញពីរឿងនេះ ក្នុងនាមជាកីឡាករ តាមរយៈការតស៊ូរបស់គាត់ ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ ក្នុងប្រទេសប្រេស៊ីល»។

កម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or នឹងប្រារព្ធធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៧ ខែតុលា៕