សេដ្ឋកិច្ច

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នឹងដាក់​ឱ្យធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ​រយៈពេល ១​ខែ​ពេញ​នៅ​ខែតុលា​

​ភ្នំពេញ​៖​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នឹង​បើក​ឱ្យធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ​រយៈពេល​១​ខែ​ពេញ​នៅ​ខែតុលា​មុនពេល​ការផ្ដើម​បើក​ទូទាត់​ប្រាក់​នៅ​ខែវិច្ឆិកា​ចុងឆ្នាំ​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុងពេល​ចុះទៅ​ត្រួតពិនិត្យ​ផ្លូវ​នេះ​ជា​លើកចុងក្រោយ កាលពី​​ថ្ងៃទី​២១ខែ​កញ្ញា​។​

​គិត​មកដល់ពេលនេះ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​- ព្រះសីហនុ សម្រេច​ការងារ​សាងសង់​រួចរាល់​ស្ទើរតែ​១០០%​ហើយ ខណៈ​ការងារ​នៅ​សល់​បន្តិចបន្តួច​ក្រុមហ៊ុន​នឹង​សាងសង់​ឱ្យបាន​រួចរាល់ មុនពេល​បើក​ដំណើរ​ជា​បណ្តោះអាសន្ន ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយ​ឥត​គិត​ថ្លៃ​​ចំនួន​១​ខែ នៅ​ខែតុលា ឆ្នាំ​២០២២​ខាងមុខនេះ​។​

​ក្នុងឱកាស​នោះដែរ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា សម្រាប់​រថយន្ត​គ្រួសារ ដែលជា​រថយន្ត​តូច​អាច​បើកបរ​ល្បឿន​ខ្ពស់​បំផុត​១២០​គីឡូម៉ែត្រក្នុង​មួយ​ម៉ោងខណៈដែល​ល្បឿន​ទាប​បំផុត​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ចំពោះ​រថយន្ត​កុងតឺន័រ​ដែលមាន​សណ្តោង​​អនុញ្ញាតឱ្យ​ប្រាស់​ល្បឿន​ត្រឹមតែ​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​រថយន្ត​ធំ​អត់​មាន​សណ្តោង អាចឱ្យ​ប្រើប្រាស់​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី រថយន្ត​ដឹកទំនិញ​ធុន​ធំ គឺ​តម្រូវឱ្យ​បើក​ដោយ​ប្រកាន់​ស្តាំ​ជានិច្ច មិនអាច​បើក​លើ​គន្លង​ខាងឆ្វេងដោយ​ប្រើពេល​យូរ​បាន​នោះទេ ខណៈ​ឡានតូច​អាច​ប្រើប្រាស់​បាន ក្នុងករណី ដែល​មិនមាន​ឧបសគ្គ​នៅខាងមុខ​។ ជាមួយគ្នា​នោះ រថយន្ត​ដែល​បើក​លើផ្លូវ​នេះ ដាច់ខាត​ត្រូវមាន​សុពលភាព​ឆៀក​បាន​ត្រឹមត្រូវ ទើប​អាច​បើក​លើផ្លូវ​ល្បឿន​លឿន​នេះ​បាន​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ទៀតថា សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ ក៏មាន​ការអនុញ្ញាតឱ្យ​ម៉ូតូ ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី​៥០០​សេ​សេ អាច​ប្រើប្រាស់​បាន​ផងដែរ ដោយមាន​កំណត់​ល្បឿន​ត្រឹមតែ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈដែល​ម៉ូតូ​មាន​មាន​ទំហំ​ស៊ីឡាំង​តូច​ជាង​នេះ គឺ​មិនមាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នោះឡើយ​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទោះបី​ផ្លូវ​ល្បឿន​លឿន​នេះ ជា​ផ្លូវ​ឯកជន តែ​ក៏​នៅក្រោម​ច្បាប់​របស់​ប្រទេស​កម្ពុជា ដូចនេះ​ផ្លូវ​នេះ​នៅតែមាន​ការដាក់​កាមេរ៉ា​ចាប់​ល្បឿន នៅតាម​គោលដៅ​នានា ជាមួយនឹង​ការផាកពិន័យ​ង​តាមច្បាប់ ដោយ​មិនមាន​ការលើកលែង​នោះឡើយ​។​

​តម្លៃ​សម្រាប់​ការធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​នេះ ចែកចេញជា​៥​ប្រភេទ​។​ប្រភេទ​ទី​១៖ ទោចក្រយានយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​ចាប់ពី ៦០០​សេ​សេ​ឡើង​, រថយន្ត​គ្រួសារ​/​រថយន្ត​ដឹកទំនិញ (​គ្រួសារ​) ផ្ទុក​មិន​លើ​ពី ៧​នាក់​, រថយន្ត​ដឹកទំនិញ​ធុន​ស្រាល ផ្ទុក​មិន​លើសពី​២​តោន ​តម្លៃ ០.០៦៤​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.០៨​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​។​ប្រភេទ​ទី​២៖ រថយន្ត​ដឹក​អ្នកដំណើរ​ផ្ទុក​ចាប់ពី ៨​នាក់ ដល់ ១៩​នាក់​, រថយន្ត​ដឹកទំនិញ​ផ្ទុក​ចាប់ពី ២​តោន ដល់ ៥​តោន តម្លៃ ០.១២៨​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់ តម្លៃ ០.១៦​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ​។​ប្រភេទ​ទី​៣៖ រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ផ្ទុក​ចាប់ពី ២០​នាក់ ដល់ ៥៦​នាក់​, រថយន្ត​ដឹកទំនិញ​ផ្ទុក​ចាប់ពី ៥​តោន ដល់ ១០​តោន តម្លៃ ០.១៩២​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.២៤​ដុល្លារ​។​ប្រភេទ​ទី​៤៖ រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ផ្ទុក​ចាប់ពី ១០​តោន ដល់ ២០​តោន តម្លៃ ០.២៥៦​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.៣២​ដុល្លារ​សម្រាប់​មួយ​គីឡូម៉ែត្រ​។​ប្រភេទ​ទី​៥៖ រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ផ្ទុក​លើសពី​២០​តោន​ឡើងទៅ (​គិត​ទាំង​រ៉ឺម៉ក​សណ្តោង​) តម្លៃ ០.៣២​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.៤០​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​។

​​សូមជម្រាបថា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​១៨៧,០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC)​និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់ ៤៨​ខែ​គ្រោង​ចំណាយ​ថវិកា​ជាង​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត​នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភា​រកម្ម​ផងដែរ​៕ដោយៈផាវី