កីឡា

UEFA អះអាង​ថា រុស្ស៊ីត្រូវបាន​ដក​ពី Euro 2024

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បាន​បញ្ជាក់អះអាង​ថា ក្រុម​ជម្រើសជាតិ​រុស៊្សីនឹង​មិន​ត្រូវ​បាន​បញ្ចូលក្នុង​ការ​ចាប់​ឆ្នោត​វគ្គ​ជម្រុះ​នៅ​ខែ​ក្រោយ ​សម្រាប់​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ ឆ្នាំ​២០២៤ (Euro 2024) នោះ​ទេ។

ប្រទេសរុស្ស៊ីត្រូវបានដក​ដោយសហព័នបាល់ទាត់​អន្តរជាតិ (FIFA) និង UEFA បន្ទាប់ពីមាន​ការលុកលុយឈ្លានពាន​លើ​អ៊ុយក្រែន កាលពីខែកុម្ភៈ ដោយក្រុមជម្រើសជាតិ និងក្លិបរបស់ប្រទេសនេះ ត្រូវបានហាមឃាត់ក្នុង​ការ​ចូលរួមប្រកួតប្រជែងសម្រាប់កម្មវិធី​នានា ទាំង​​ក្នុង​ទ្វីប ឬអន្តរជាតិណាមួយ។

UEFA បានបញ្ជាក់មុនរដូវកាល ២០២២-២០២៣ ថា ក្លិបរបស់​រុស្ស៊ីនឹងត្រូវដកចេញពីការប្រកួតក្នុងកម្មវិធី​នានារបស់​ពួកគេនារដូវកាលនេះ បើ​ទោះបីជាព្រឹត្តិការណ៍ Euro 2024 មិនត្រូវបានលើកឡើងនៅ​ក្នុង​ការ​ផ្ដល់​បច្ចុប្បន្នភាព​ក៏​ដោយ​។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលការបញ្ជាក់ពីនីតិវិធីសម្រាប់ការចាប់ឆ្នោតវគ្គជម្រុះ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែតុលា UEFA នាពេល​នេះបានបញ្ជាក់ថា ក្រុមរុស្ស៊ីនឹងមិនស្ថិតក្នុង​ចំណោមក្រុមទាំង ៥៣ ដែលត្រូវ​ចាប់ឆ្នោតនោះទេ។

ក្នុង​សេចក្តីថ្លែងការណ៍របស់​ខ្លួន UEFA បានឱ្យ​ដឹង​ថា៖ «ក្រុមរុស្ស៊ីទាំងអស់បច្ចុប្បន្ន ត្រូវបានផ្អាក បន្ទាប់ពីមាន​ការសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិ UEFA នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវបានបញ្ជាក់បន្ថែមដោយតុលាការអាជ្ញាកណ្តាលកីឡា នៅថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២២។ ដូច្នេះ ក្រុមរុស្ស៊ីមិនត្រូវបានរួម​បញ្ចូល ក្នុងការចាប់ឆ្នោតវគ្គជម្រុះ UEFA European Football Championship 2022-2024 នោះទេ»។

ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះនៃ Euro 2024 និងដែល​ទទួល​បាន​សិទ្ធិដោយស្វ័យប្រវត្តិ ក៏នឹងមិនស្ថិតផង​ដែរក្នុងចំណោម​ក្រុមនៃ​ការចាប់ឆ្នោតនាខែក្រោយ ដែលនឹងបែង​ចែក​បានជា ៧ពូល ដែល​មាន ៥ក្រុម និង ៣ពូល ដែល​មាន ៦ក្រុម៕