សេដ្ឋកិច្ច

សហគ្រិន​ស្ត្រី​កម្ពុជា​ជាង៣៥០នាក់​បានបញ្ចប់​ការសិក្សា​ជាមួយនឹង​ជំនាញ​ថ្មី​ក្នុង​ការធ្វើ​អាជីវកម្ម​

ភ្នំពេញ​៖ ស្ត្រី​កម្ពុជា​ចំនួន ៣៥០ នាក់​បានបញ្ចប់​ការសិក្សា​ពី​គម្រោង​‘​ពង្រឹង​បណ្តាញ​អាជីវកម្ម និង​អភិវឌ្ឍ​អាជីវកម្ម​’ ក្រោម​ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ USAID​តាមរយៈ​គម្រោង​នារី​សកម្ម និង​អនុវត្ត​ដោយ​សហគ្រាស​សង្គម ស៊ី​អ៊ិន​វេស​មិន​។​

​គម្រោង​នេះ​បាន​ជួយ​ទៅដល់​សហគ្រិន​ស្ត្រី​វ័យក្មេង​ដែល​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម​ខេត្តកំពតនិង​បាត់​ដំប​ង​​ដើម្បី​មានលទ្ធភាព​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​ខ្នាតតូច​បំផុត​របស់​ពួកគាត់​។​

លោកស្រី រ៉េ​បេ​កា ប្លេ​ក​នាយិកា​បេសកកម្ម​ស្តីទី​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា​៖“​ពួកយើង​មាន​មោទន​ភាព​​ដែល​បានផ្តល់​ការគាំទ្រ​ដល់​សហគ្រិន​ស្ត្រី​វ័យក្មេង​ជាច្រើន​នាក់​តាមរយៈ​គម្រោង​នារី​សកម្ម​របស់​ពួកយើង និង​ស៊ី​អ៊ិន​វេស​មិន​។​សហ​គ្រិន​ស្ត្រី​ដើរតួនាទី​សំខាន់​ក្នុងការ​ពង្រឹង​ជីវ​ភា​របស់​ប្រជាពលរដ្ឋ​និង​នយោបាយ​របស់​សង្គម​ប្រជាធិបតេយ្យ​ដោយ​មិន​ត្រឹមតែ​តាមរយៈ​ការ​បង្កើត​និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​ថែមទាំង​ការធ្វើការ​រួមគ្នា​ជាមួយ​សមាគម​អាជីវកម្ម​នានា​ក្នុងការ​បង្កើត​ឲ្យ​មាន​ផល​ជះ​វិជ្ជមាន​ទៅ​គោលនយោបាយ សង្គម សេដ្ឋកិច្ច ផងដែរ​។​”

​កម្មវិធី​‘​ពង្រឹង​បណ្តាញ​អាជីវកម្ម និង​អភិវឌ្ឍ​អាជីវកម្ម​’ សម្រាប់​សហគ្រិន​ស្ត្រី​វ័យក្មេង​គឺជា​គម្រោង​រយៈពេល ៣​ឆ្នាំ​ដែល​អនុវត្ត​ដោយ​សហ​គ្រាស​សង្គម ស៊ី​អិន​វេស​មិន ក្រោម​ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​USAIDតាមរយៈ​គម្រោង​នារី​សកម្ម របស់​អង្គការ​ផេ​ក​កម្ពុជា​​។​ស៊ី​អិន​វេស​មិន បានផ្តល់​វគ្គ​បណ្តុះបណ្តាល​អាជីវកម្ម​ថ្នាក់​មូលដ្ឋានចំនួន​៦​វគ្គ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ថ្នាក់មូលដ្ឋាន​ចំនួន ១០ និង​ផ្តល់ជំនួយ​ក្រោម​គម្រោង​កញ្ចប់​ថវិកា​ខ្នាតតូច​ទៅកាន់​សហគ្រិន​ស្ត្រី​២​ក្រុម​។​តាមរយៈ​ការផ្តល់ជូន​ទាំងនោះ​ក៏មាន​រួមបញ្ចូល វីដេអូ​ស៊េរី​និង​កម្មវិធី​បណ្តាញ​​សហគ្រិន​ស្ត្រី​ដែល បង្កើន​ឲ្យ​មានឱកាស​ជាច្រើន បូក​រួមទាំង​ការណែនាំ និង​ហ្វឹកហាត់​ផ្សេងទៀត​សម្រាប់​សហគ្រិន​ស្ត្រី​៕ដោយ ផាវី