សេដ្ឋកិច្ច

សប្ដាហ៍​ទី​៣​ខែកញ្ញា កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​៣០​ម៉ឺន​នាក់​

ភ្នំពេញ​៖​សប្តាហ៍​ទី​៣​នៃ​ខែកញ្ញា​គឺ​នៅ​ចុង​សប្តាហ៍ថ្ងៃទី​ទី​១៧-១៨ខែកញ្ញា ឆ្នាំ​២០២២នៅ​ទូទាំងប្រទេសទទួលបាន​ភ្ញៀវ​សរុប៣០០, ៣៨៥​ នាក់​ក្នុងនោះ​ភ្ញៀវ​ជាតិ​២៤៦,៩៦០​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៥៣,៤២៥​នាក់​។ នេះ​បើតាម​ប្រភព​ក្រសួងទេសចរណ៍​។​

​ក្រសួងទេសចរណ៍​បានឱ្យដឹង​ទៀតថា​៖​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ រាជធានី​ភ្នំពេញ​ទ​ទួ​បានទេ​សចចំ​នួន ៦៩,៤០៤​នាក់​,​ខេត្ត​ព្រះសីហនុ ២៩,៤២២​នាក់​,​ខេត្តកណ្តាល ២៥,០៩៣​នាក់​,​ខេត្តសៀមរាប ២៤,៥៧៧​នាក់​,​ខេត្តកំពត ២២,៥៥៥​នាក់​,​ខេត្តបាត់ដំបង ២០,១៩០​នាក់​, ខេត្តកំពង់ចាម ១៩,៩៤៩​នាក់​,​ខេត្តកំពង់ស្ពឺ ១៣,២៩៨​នាក់​,​ខេត្ត​កែប ១២,៥១៩​នាក់​និង​ខេត្តពោធិ៍សាត់ ១២,០៣៧​នាក់​។​

​តួលេខ​នេះមានការ​កើនឡើង​ប្រមាណ​៤៧.៣%ធៀប​នឹង​សប្តាហ៍​កន្លងមក​។​នា​ចុង​សប្តាហ៍​កន្លងមក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចេញ ទៅ​ដាក់​បិណ្ឌ​តាម​វត្ត​អារាម​នានា និង​បន្ត​ចេញទៅ​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ហើយ​ស្ថានភាព​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​មួយចំនួន​ក៏មាន​សភាព​កកកុញ​ផងដែរ​។​

​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ទៅដល់​មន្ទីរ​ទេសចរ​ណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព និង SOP ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ រក្សា​តម្លៃ​សមរម្យ បរិស្ថាន​អនាម័យ​និង​បញ្ជៀ​ស​ការជួបជុំ​កកកុញ​ខ្លាំង​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ដូចដែល​ធ្លាប់​កើតមាន​នា​ឆ្នាំកន្លងមក​៕​ដោយៈផាវី