ប្រធានក្រុម Hugo Lloris និងខ្សែការពារ Theo Hernandez ត្រូវបានបញ្ចូលឈ្មោះ ក្នុងបញ្ជីកីឡាកររងរបួស ដែលកំពុងតែកើនឡើងរបស់ក្រុមជម្រើសជាតិបារាំង នៅមុនការប្រកួត ក្នុងកម្មវិធី Nations League នាសប្តាហ៍នេះទល់នឹងក្រុមអូទ្រីស និងដាណឺម៉ាក។ នេះបើតាមការឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) កាលពីថ្ងៃចន្ទ។
អ្នកចាំទី Alban Lafont របស់ក្រុម Nantes និងខ្សែការពារ Lucas Digne របស់ក្រុម Aston Villa ត្រូវបានកោះហៅ ដើម្បីមកជំនួសកន្លែងរបស់កីឡាករទាំង២ សម្រាប់ការប្រកួត ជាមួយក្រុមអូទ្រីស នៅថ្ងៃព្រហស្បតិ៍ និងក្រុមដាណឺម៉ាក នាថ្ងៃអាទិត្យ។
អ្នកចាំទី Lloris បានរងរបួសភ្លៅខាងស្តាំ ខណៈពេលដែល Hernandez មានការរហែកសាច់ដុំជើងខាងស្តាំ ដែលធ្វើឲ្យក្រុមម្ចាស់ជើងឯកពិភពលោក កាន់តែមានការបារម្ភបន្ថែមទៀតជាមួយនឹងការមានរបួសរបស់កីឡាករជាបន្តបន្ទាប់នេះ។
បន្ថែមពីលើអវត្តមានរបស់ខ្សែបម្រើ Paul Pogba ដែលកំពុងជាសះស្បើយឡើងវិញបណ្ដើរ បន្ទាប់ពីការវះកាត់ជង្គង់ គ្រូបង្វឹកលោក Didier Deschamps ក៏បាត់បង់កីឡាករ Presnel Kimpembe, Lucas Hernandez, N’Golo Kante, Kingsley Coman និង Karim Benzema ផងដែរ ហើយសំណាងអាក្រក់ បន្តកើតឡើង ដោយខ្សែបម្រើ Adrien Rabiot របស់ក្រុម Juventus របួសសាច់ដុំ ខណៈកីឡាករត្រូវជំនួស Boubacar Kamara ក៏មានបញ្ហាជង្គង់។
អ្នកចាំទី Mike Maignan របស់ក្រុម AC Milan ត្រូវបានគេរំពឹងថា នឹងមកជំនួសកីឡាករ Lloris ដែលជាកីឡាករបង្ហាញខ្លួនបានច្រើនបំផុតទី២ ក្នុងក្រុមបារាំង ជាមួយនឹងចំនួន ១៣៩លើក។ ជាមួយគ្នានេះ ក៏មានការកោះហៅជាលើកដំបូងសម្រាប់ខ្សែប្រយុទ្ធ Randal Kolo Muani របស់ក្រុម Eintracht Frankfurt ក៏ដូចជាខ្សែការពារកណ្តាល Benoit Badiashile និងខ្សែបម្រើ Youssouf Fofana របស់ក្រុម Monaco៕