កីឡា

De Bruyne អះអាង​ថា ការ​តាម​ដាន​ជីវិតរបស់ Grealish មិន​ពាក់​ព័ន្ធ​នឹង​បាល់​ទាត់​ទេ​

ខ្សែបម្រើ Kevin De Bruyne មានអារម្មណ៍ថា ការរិះគន់ ឬ​តាម​ដាន​លើ​ជីវិតឯកជន ចំពោះ ឬ​របស់​ខ្សែបម្រើប្រយុទ្ធ Jack Grealish គឺមិនពាក់​ព័ន្ធ​នឹង​បាល់ទាត់នោះ​ទេ ហើយ​មាន​ភាព​តឹង​តែងខ្លាំងពេក ដោយសារតែ​មិត្ត​រួម​ក្រុម​រូប​នេះ​ជា​កីឡាករជម្រើស​ជាតិ​អង់គ្លេស។

កីឡាករ Grealish បានចូលរួមជាមួយក្រុម​មេឃខៀវ Manchester City ក្នុងតម្លៃ​ផ្ទេរជា​កំណត់ត្រារបស់ប្រទេសអង់គ្លេស ១០០លានផោន (១១៤,៥៤លាន​ដុល្លារ) ក្នុងឆ្នាំ២០២១ តែមិនទាន់បានផ្ដល់នូវ​សមិទ្ធផល ដូចដែលរូប​គេ​ធ្វើ​បាន​នៅក្រុម Aston Villa នោះ​ឡើយ។

បន្ទាប់ពីស៊ុតបញ្ចូល​ទីបាន ៦គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម (Assist) ១០គ្រាប់ ក្នុងចំណោម​ការ​ប្រកួត ២៦ដង នៅ​ក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Villa រដូវកាល​ ២០២០-២០២១ កីឡាករ Grealish រួមចំណែកត្រឹមតែ ៣គ្រាប់ និង Assist  ៣ដងប៉ុណ្ណោះ ក្នុងចំនួនដូចគ្នានៃការបង្ហាញខ្លួននៅ​រដូវកាលដំបូងក្នុងក្រុម Man City។

ការចាប់ផ្តើម នៅ​រដូវកាល ២០២២-២០២៣ នេះ ក៏​ស្ថិត​ក្នុង​លទ្ធផល​មិន​ជាទីគាប់​ចិត្ត​ដដែល បើទោះបីជាខ្សែបម្រើប្រយុទ្ធស្លាបរូប​នេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន ក្នុងជ័យជម្នះ ៣-០ លើក្រុម Wolverhampton Wanderers កាលពីថ្ងៃសៅរ៍ក៏ដោយ។

យ៉ាង​ណា​ក្ដី កីឡាករ De Bruyne ដែល​បានការបញ្ជូនបាល់ដើម្បី​រួម​ចំណែក​បង្កើត​គ្រាប់​ដំបូង​ដ៏លឿន​នោះ បានចេញ​មក​ការពារមិត្តរួមក្រុមមេឃខៀវរបស់​ខ្លួន ដែលសូម្បីរបៀបរស់នៅ ក៏ត្រូវបានពិនិត្យ​តាម​ដាន​ផង​ដែរ ចាប់តាំងពីការចុះហត្ថលេខា ជាមួយ​ក្រុមរបស់លោក Pep Guardiola។

កីឡាករ De Bruyne បាននិយាយថា៖ «វាមិនពាក់​ព័ន្ធ​នឹង​បាល់ទាត់នោះ​ឡើយ។ វា​មាន​អ្វីលើស​ពី​បាល់ទាត់ ដោយ​ការផ្តោតសំខាន់គឺទៅលើកីឡាករអង់គ្លេស។ ខ្ញុំយល់ ព្រោះពួកគេជាជន​ជាតិអង់គ្លេស ហើយមនុស្សមានទំនោរមើលទៅអ្វីដែលកំពុងកើតឡើង»។

«ខ្ញុំមានអារម្មណ៍ថា ជា​ឧទាហរណ៍ ប្រសិនបើកីឡាករបរទេសចេញក្រៅ នៅ​ពេលយប់ យើងពិតជាមិនត្រូវបានគេត្រួតពិនិត្យញឹកញាប់នោះទេ ហើយ​​ខ្ញុំមានអារម្មណ៍ថា ប្រសិនបើកីឡាករអង់គ្លេសចេញទៅខាងក្រៅវិញ វាតែងតែស្ថិតនៅ​ក្នុងប្រព័ន្ធផ្សព្វផ្សាយ នាកន្លែងណាមួយជាមិន​ខាន​»។ កីឡាករ De Bruyne បាន​បន្ត​។

កីឡាករអន្តរជាតិបែលហ្ស៊ិក បាន​បន្ថែម​ថា​៖ «ខ្ញុំគិតថា មនុស្សកំពុងយករឿងនេះមក​ពាក់​ព័ន្ធ​ផងដែរ។ អ្វីដែលរូប​គេ​ប្រព្រឹត្តក្នុងជីវិតឯកជនរបស់ខ្លួន មិន​គួរ​មាន​នរណាម្នាក់ត្រូវ​ខ្វល់ខ្វាយ​នោះទេ តែ​មនុស្សទាំង​នោះបាន​ធ្វើបែប​ហ្នឹង»​៕