សេដ្ឋកិច្ច

មន្ទីរពេទ្យ​ធំ​មួយទៀត នៅ​បឹង​តា​មោគ ស្ថាបនា​បាន​ជាង​៦០​ភាគរយ និង​គ្រោង​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​

​ភ្នំពេញ​៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា បានឱ្យដឹងថា​៖​រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​រៀបចំ​នូវ​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា ដោយបាន​បង្កើត​នូវ​មន្ទីរពេទ្យ​ធំ​មួយទៀត​ដែលមាន​ចំនួន​គ្រែ​ដល់​ទៅ​ជាង​៩​ពាន់​គ្រែ នៅ​ម្តុំ​បឹង​តា​មោក​។ មន្ទីរពេទ្យ​នេះ នឹង​ក្លាយជា​មន្ទីរពេទ្យ​ជាតិ​ធំជាងគេ ដោយសារ​មាន​ចំនួន​គ្រែ​ច្រើន ដែល​អាច​ទទួល​អ្នកជំងឺ ក៏ដូចជា​មាន​ផ្តល់នូវ​សេវា​ព្យាបាល​ជាច្រើន​ផងដែរ​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នាពេល​ថ្មីៗ​ស្ដីពី «​សមិទ្ធផល​សម្រេចបាន​រយៈពេល ៥​ឆ្នាំកន្លងមក របស់​ក្រសួងសុខាភិបាល​» លោក ជំទាវ យក់ សម្បត្តិ បាន​មានប្រសាសន៍​ទៀតថា មន្ទីរពេទ្យ​នេះ នឹង​ក្លាយជា​មន្ទីរពេទ្យ​ជាតិ​ធំជាងគេដោយសារ​មាន​ចំនួន​គ្រែ​ច្រើន ហើយ​មាន​សេវា​ព្យាបាល​ជាច្រើន​ដូចជា សេវា​សង្គ្រោះបន្ទាន់ មាន​សេវា​វះកាត់ ផ្សេងៗ​។​

​លោកជំទាវ យក់ សម្បត្តិ បាន​បញ្ជាក់ថាគិត​មកដល់ពេលនេះសំណង់​មន្ទីរពេទ្យ​សម្រេច ប្រហែលជា​៦០%​ទៅ​៦៥%​ហើយ​។ រដ្ឋាភិបាល​ សង្ឃឹមថា នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ក្រោយនេះ នៅ​ខែមេសា ឬ​ឧសភា​ហើយនឹង​បើក​ដំណើរការ​អាច​បាន​៥០%​។​

​លោកជំទាវ បន្តថា មន្ទីរពេទ្យ​នេះ​គឺជា​មន្ទីរពេទ្យ​មួយ​អាច​ទប់ស្កាត់ ប្រជាពលរដ្ឋ​នៅ​ប៉ែក​ស្រុក​ពញា​ព ព្រំប្រទល់​កំពង់ស្ពឺ កណ្តាល ភ្នំពេញ  ដូច្នេះ​ប្រជាពលរដ្ឋ​មិនបាច់​ប​ញ្ជ្រៀ​ត​នៅ​ភ្នំពេញ ដើម្បី​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​កណ្តាល​នេះ​ឲ្យ​ស្ទះ​ទេ យើង​អាច​កាត់បន្ថយ ទាំង​ការកកស្ទះ ទាំង​ធ្វើ​ឲ្យ​សេវា​មួយចំនួន​អាច​ផ្តល់ជូន​នៅក្នុង​មន្ទីរពេទ្យ​តេ​ជោ​សន្តិភាព​នៅ​ទីនោះ​៕ដោយៈសិរីមតី