សេដ្ឋកិច្ច

ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅបាវិត នឹងចាប់ផ្តើមសាងសង់ក្នុងពេលខាងមុខ

ភ្នំពេញ៖កិច្ចសហប្រតិបត្តិការសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនកម្ពុជា និងវៀតណាម ត្រូវបានចុះហត្ថលេខា​ហើយ។ផ្លូវល្បឿនលឿននេះនឹងតភ្ជាប់ក្រុងបាវិតទៅកាន់ទីក្រុងហូជីមិញ និងផ្លូវអាស៊ានលេខ ១, ១១ និងផ្លូវលេខ ១២៣ តភ្ជាប់ពីកម្ពុជា ទៅថៃ ឡាវ និង​វៀតណាម កំពុងត្រូវបានពង្រីកជាបួនគន្លង និងធ្វើឱ្យប្រសើរឡើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដូចនេះនៅក្នុងវេទិកាភាព​ជាអ្នកដឹកនាំ​និង​ ភាពជាដៃគូសហប្រតិបត្តិការអាស៊ានក្រោមប្រធាន​បទ ៖ «ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូន​អាស៊ានដើម្បី​ជំរុញវិស័យ​ពាណិជ្ជកម្មនិងការ វិនិយោគក្នុងតំបន់»កាលពីពេលថ្មីៗនេះ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤​គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាគម្រោងមានសារៈសំខាន់ក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ច និងការដឹកជញ្ជូន​នៅកម្ពុជា​ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕ដោយៈសិរីមតី