ព័ត៌មានជាតិ

ទឹកជំនន់នៅអាងបឹងតាម៉ុកហក់ឡើងកម្ពស់ដល់ប្រកាសអាសន្នហើយ

ឧត្តរមានជ័យ៖ ជំនន់ទឹកភ្លៀងបានឡើងយ៉ាងគំហុកហូរកាត់ស្ពានបឹងតាម៉ុក កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា មានកម្ពស់ដល់ប្រកាសអាសន្នហើយ ដោយបានផ្អាកការធ្វើដំណើរឆ្លងកាត់។

ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យមានការប្រុងប្រយ័ត្នកម្ពស់ទឹកដល់ទៅ៣,៨២ម៉ែត្រ ឡើងដល់កម្រិតកម្ពស់ប្រកាសអាសន្ន៤,៥០ម៉ែត្រ។ទីតាំងនេះស្ថិតនៅត្រង់ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

លោកហោ ជិនវីរយុទ្ធ អភិបាលស្រុកអន្លង់វែងបានឱ្យដឹងនៅយប់ថ្ងៃទី១៩ ខែកញ្ញាថា កម្ពស់ទឹកនៅទំនប់អាងបឹងផ្ទះតាម៉ុកពិតជាមានការឡើងហូរកាត់នៅលើស្ពានដាក់ឱ្យប្រកាសអាសន្ន។តែយ៉ាងណាក្នុងនាមអាជ្ញាធរ សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នដែរ។

លោកវរសេនីយ៍ទោ  នួន ឡា អធិការរងនគរបាលស្រុកអន្លង់វែងបានបញ្ជាក់បន្ថែមថា ជំនន់ទឹកភ្លៀងកំពុងហូរបុកខ្លាំងនៅលើស្ពានតែម្តង។ការធ្វើចរាចរអាជ្ញាធរពាក់ព័ន្ធ បានដាក់បារ៉ាស់ផ្អាកធ្វើដំណើរលើស្ពានបណ្តោះអាសន្ន រង់ចាំទឹកស្រកសិនទើបឱ្យ ឆ្លងកាត់ទៅមកធម្មតា៕

ដោយ៖វិចិត្រ