ព័ត៌មានជាតិ

ច្រាំងទន្លេនៅកោះសូទិនថយចុះសន្ទុះនៃការបាក់ស្រុត

កំពង់ចាមៈ ច្រាំងជាដៃទន្លេមេគង្គ ស្ថិតក្នុងភូមិទី ៤ ឃុំ/ស្រុកកោះសូទិន ដែលបានបាក់ស្រុត ប៉ះពាល់ដល់ផ្លូវសាធារណៈ និងលំនៅឋានរបស់ប្រជាពលរដ្ឋកន្លងមកនោះ បច្ចុប្បន្នហាក់បានថយចុះសន្ទុះ នៃការបាក់ស្រុត។ ប៉ុន្តែអាជ្ញាធរនៅរង់ចាំអ៊ុតមើល រដូវធ្លាក់ខ្យល់ខែកត្តិក នាខែក្រោយនេះម្តងទៀត។

ប៉ុន្តែ ផ្ទះមួយខ្នងក្នុងចំណោមប្រាំបួនខ្នងត្រូវរុះរើចេញពីទីតាំងចាស់ ទៅសាងសង់ឡើងវិញនៅទីតាំងថ្មី ក្នុងភូមិទី១១ ឃុំកោះសូទិន ដដែល ហើយនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនឹងធ្វើការរុះរើផ្ទះមួយខ្នងទៀត។

អ្នកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិនបានប្រាប់ឱ្យដឹងថាៈ ច្រាំងដៃទន្លេមិនបានបាក់គំហុកដូចកាលពីចុងខែសីហា គឺគ្រាន់តែបាក់រែះៗ តិចៗប៉ុណ្ណោះ។ ប៉ុន្តែខាងអាជ្ញាធរបាននៅប្រចាំការទទួលព័ត៌មានពីច្រំាងបាក់ដដែល ពិសេសរង់ចាំមើលដល់ខែកត្តិកធ្លាក់ខ្យល់អាចនឹងបាក់ស្រុតម្តងទៀត។ដោយឡែកផ្ទះលោក ឡូត វណ្ណា ជាគ្រូបង្រៀនចូលនិវត្តន៍បានរុះរើចេញតាំងពីថ្ងៃទី២ កញ្ញាជាងពីរសប្តាហ៍មុន យកទៅសង់ឡើងវិញនៅភូមិទី១១ ឃុំកោះសូទិនដដែល ហើយនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខបានកំណត់នឹងរុះរើផ្ទះគ្រួសារលោក ស៊ាង ឡេង បន្តទៀត។បច្ចុប្បន្ននៅសល់ផ្ទះប៉ះពាល់ច្រាំងបាក់ចំនួន ប្រាំបីខ្នងទៀត។

លោក ឡូត វណ្ណា វ័យ ៦៨ ឆ្នាំ ដែលបានរុះរើផ្ទះគេចចេញពីការបាក់ស្រុតច្រាំងទន្លេទៅ សង់លើដីថ្មីក្នុងភូមិទី១១ ឃុំកោះសូទិនដដែលបានឱ្យដឹងថាៈ សរុបការចំណាយទាំងថ្លៃរុះរើ និងសង់ឡើងវិញអស់ប្រហែល ៨.០០០ ដុល្លារ។ នេះបានការជួយយ៉ាងគគ្រឹកគគ្រេងពីសំណាក់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ហើយបានការជួយឧបត្ថម្ភពីសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាចំនួនមួយលានរៀល និងពីខាងគ្រោះមហន្តរាយចំនួន ៥០ម៉ឺន រៀលទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ សីហា ច្រាំងដៃទន្លេមេគង្គស្ថិតក្នុងភូមិទី៤ ឃុំ/ស្រុកកោះសូទិន បានបាក់ស្រុតប្រហែលជិត ១០០ ម៉ែត្រ ជម្រៅពី ១៥ ទៅ ២០ ម៉ែត្រ បណ្តាលឱ្យប៉ះពាល់ដល់ផ្លូវបេតុង និងផ្ទះប្រជាពលរដ្ឋចំនួន ប្រាំបួនខ្នង ប្រឈមរុះរើចេញ ទៅតាំងទីលំនៅកន្លែងថ្មី៕