សេដ្ឋកិច្ច

កូរ៉េ ចង់​វិនិយោគលើ​វិស័យ​រ៉ែ​នៅ​កម្ពុជា​

ភ្នំពេញ​៖ កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ កំពុង​សម្លឹង​ទៅរក​លើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​កា​រលើ​វិស័យ​ឧស្សាហកម្ម​រ៉ែ ខណៈ​ភាគី​កូរ៉េ​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​វិស័យ​រ៉ែ​នៅ​កម្ពុជានិង​បានស្នើ​ឲ្យ​កម្ពុជា លើក​ជា​គម្រោង​សិក្សា​លម្អិត​បន្ថែម ទៅលើ​សក្ដានុពល​រ៉ែ​។​

​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ រវាង​លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ជាមួយ​លោក Lee HyuKsang លេខាធិការ​ទី​១ នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នាពេល​ថ្មីៗ​នេះ ភាគី​កូរ៉េ បាន​ស្វែងយល់​អំពី​បច្ចុប្បន្នភាព នៃ​ការអភិវឌ្ឍ​វិស័យ​រ៉ែ និង​ការវិនិយោគ​លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា​។​

​លោក អ៊ឹង ឌី​ប៉ូ​ឡា បាន​ឲ្យ​ដឹងថា វិស័យ​រ៉ែ​នៅ​កម្ពុជា ដែល​ភាគី​កូរ៉េ បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍ ចង់​វិនិយោគ​រួមមាន​៖​រ៉ែ​ទង់ដែង​,​ម៉​ង់​កា​ណែ​ស​(Manganese),​លី​ស្យូ​ម​( Lithium) និង​រ៉ែ​ផ្សេងៗ​ទៀត​។​

​លោក បាន​បញ្ជាក់ថា​៖​ការសិក្សា​តាំងពី​សម័យ​បារាំង​មក សព្វថ្ងៃនេះ កម្ពុជា​បាន​រកឃើញ​នូវ​សក្ដានុពល​រ៉ែ​មួយចំនួន បន្ទាប់មក​ក៏​បន្ដ​កិច្ចសហការ ជាមួយ​ជប៉ុន​, កូរ៉េ​, ចិន​, ឆែក និង​រុស្សី ក៏ប៉ុន្ដែ​ការសហការ​គ្នា​នេះ មិនទាន់​អាច​សិក្សា ទៅបាន​គ្រប់​ទីតាំង និង​បាន​ស៊ីជម្រៅ អំពី​សក្ដានុពល​រ៉ែ​នីមួយៗ ច្បាស់លាស់​៕ដោយៈសិរីមតី