កីឡា

Real បន្តដំណើរឥតខ្ចោះ ដោយឈ្នះជំនួប រវាងក្រុម ក្នុងក្រុងតែមួយ

ក្រុមអធិរាជស Real Madrid បានបន្តបន្លាយនូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេទៅមុខបន្ថែមទៀត សម្រាប់យុទ្ធនាការ នៅក្របខ័ណ្ឌ La Liga នារដូវកាលនេះ នៅពេលដែលពួកគេបានធ្វើដំណើរទៅយកឈ្នះក្រុមគូប្រជែង ក្នុងក្រុងជាមួយគ្នា គឺ Atletico Madrid ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Metropolitano កាលពីថ្ងៃអាទិត្យ។

ថ្វីត្បិតតែជាក្រុមរង ដោយភាគច្រើន នៅវគ្គទី ១ ក៏ដោយ ក៏ក្រុមរបស់លោក Carlo Ancelotti មិនខ្ជះខ្ជាយនោះឡើយ នៅចំពោះមុខទី ខណៈដែលការស៊ុតបញ្ចូលទីពីកីឡាករ Rodrygo និង Federico Valverde នៅ ៤៥នាទីដំបូង បានធ្វើឱ្យពួកគេស្ថិតក្នុងទីតាំង ដែលមានប្រៀបជាង។ កីឡាករ Mario Hermoso បានជួយឱ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់ដែរ នៅចុងម៉ោង តែពួកគេមិនអាចរកគ្រាប់បាល់តាមស្មើបានទេ។

ក្រោយចប់ការប្រកួត កីឡាករ Rodrygo បាននិយាយថា៖ «ជំនួបរវាងក្រុម ក្នុងក្រុងតែមួយ តែងតែមានសារសំខាន់ជានិច្ច តែថ្ងៃនេះ គឺខុសគ្នាបន្តិច សម្រាប់អ្វីដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ យើងបានធ្វើការឆ្លើយតប នៅលើទីលាន ហើយខ្ញុំគ្រាន់តែនិយាយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ប៉ុណ្ណោះ។ ខ្ញុំសប្បាយចិត្តណាស់ ដែលលេងបានល្អ និងរកគ្រាប់បាល់បាន»។

ក្រុម Real បានអវត្តមានកីឡាករ Karim Benzema ដោយសារបួស ខណៈដែលក្រុមម្ចាស់ផ្ទះ Atletico ទើបដាក់ខ្សែប្រយុទ្ធ Antoine Griezmann ក្នុងជម្រើសដំបូងជាលើកទី ១ សម្រាប់រដូវកាលនេះ ហើយពួកគេចាប់ផ្ដើមបានយ៉ាងល្អគួរសម ក្នុងហ្គេមនេះ តែចុងក្រោយ បានត្រឹមតែខកចិត្តប៉ុណ្ណោះ។

ជ័យជម្នះនេះ មានន័យថា ក្រុម Real បានត្រឡប់ទៅឈរ នៅកំពូលតារាងរបស់ La Liga វិញ ដោយមាន ១៨ពិន្ទុ ក្នុងចំណោមការប្រកួតចំនួន ៦លើករបស់ខ្លួន ដោយនាំមុខក្រុមគូប្រជែងស្លាប់រស់ Barcelona ២ពិន្ទុ។ ក្រុម Atletico ឈរនៅលេខ ៧ ដោយមាន ៨ពិន្ទុ តាមពីក្រោយក្រុមរួមក្រុង៕