កីឡា

Monza ឈ្នះលើកដំបូង នៅ Serie A ដោយការបញ្ចប់ដំណើររបស់ Juve

ក្រុម Monza បានរកឃើញជ័យជម្នះជាលើកដំបូង ដែលមិនធ្លាប់មានរបស់ពួកគេ នៅក្របខ័ណ្ឌ Serie A ហើយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានផ្ដល់ភាពភ្ញាក់ផ្អើលដល់ក្រុមយក្ស Juventus ដោយការយកឈ្នះ ១-០ ដែលលទ្ធផលនេះ បានដាក់សម្ពាធបន្ថែមទៀតលើលោក Massimiliano Allegri។

កីឡាករ Christian Gytkjaer រកបាននូវគ្រាប់បាល់ជាប្រវត្តិសាស្ត្រនេះ នៅ ១៥នាទី មុនការប្រកួត ក្នុងកីឡដ្ឋាន U-Power ត្រូវបញ្ចប់ ដើម្បីរំកិលក្លិប ដែលគ្រប់គ្រងដោយលោក Silvio Berlusconi ចេញពីបាតតារាង ហើយបញ្ចប់ការចាប់ផ្តើមមិនចាញ់សោះរបស់ក្រុម Juve នារដូវកាលនេះ។

ក្រុម Monza ដណ្ដើមបាន ៣ពិន្ទុដំបូងនៃរដូវកាល ក្នុងការប្រកួតដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Raffaele Palladino ដែលទើបបានមកជំនួសតំណែងរបស់លោក Giovanni Stroppa កាលពីថ្ងៃអង្គារ។

ទោះជាយ៉ាងណាក្ដី ពួកគេនៅតែស្ថិតក្នុងតំបន់គ្រោះថ្នាក់ (ត្រូវកាត់ចោល) តែមានគម្លាតតែ ១ពិន្ទុតាមពីក្រោយក្រុមលេខ ១៧ Verona ដែលប្រកួតចាញ់ ២-០ នៅឯផ្ទះរបស់ក្រុម Fiorentina។

ក្រុមកំពុងមានបញ្ហា Juve ដែលបានបាត់បង់កីឡាករ Angel Di Maria ក្នុងហ្គេមនេះ ដោយសារត្រូវពិន័យកាតក្រហម នៅ ៥នាទី មុនឈប់សម្រាកវគ្គទី ១ កំពុងឈរក្នុងចំណាត់ថ្នាក់លេខ ៨ បន្ទាប់ពីឈ្នះតែ ២លើកប៉ុណ្ណោះ ក្នុងចំណោមការប្រកួតបើកឆាក ៧លើករបស់ពួកគេ។

ក្រុមយក្សរបស់ក្រុង Turin មានគម្លាត ៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងលីគបណ្ដោះអាសន្ន Udinese ដែលយកឈ្នះក្រុម Inter Milan ៣-១ នៅថ្ងៃអាទិត្យនោះដែរ៕