ព័ត៌មានជាតិ

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ បានវិលត្រឡប់ទៅរកភាពស្រស់ស្អាតបន្ទាប់ពីអ្នកជំនាញជួសជុល

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានជួសជុលព្រះវិហារបុរាណនៃវត្តប្រាសាទ លលៃ ដែលមានបណ្តោយ២៧,៥ម៉ែត្រ ទទឹង ១១,២ម៉ែត្រ និងកម្ពស់១៥,៥ម៉ែត្រដោយចំណាយ ពេលប្រមាណ៣ខែនោះ  បានធ្វើឱ្យព្រះវិហារបុរាណបានវិលត្រឡប់ទៅរកភាពរឹងមាំ ដូចដើមវិញហើយ។

ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌនិងសហគមន៍ ដែលជាអ្នកអនុវត្ត ការងារជួសជុលនោះ ឱ្យដឹងថា ព្រះវិហារវត្តប្រាសាទលលៃ គឺបានចាប់ផ្តើមជួសជុលតាំងពីចុងខែ មិថុនាឆ្នាំ២០២២ រហូតមកទល់ពេលនេះបានបញ្ចប់ជាស្ថាពរ។

គម្រោងជួសជុល ក្នុងបំណងថែរក្សាសម្បត្តិបេតិកភណ្ឌនេះ ក្រោមការឧបត្ថម្ភថវិកា និងបច្ចេកទេស ទាំងស្រុងពីអាជ្ញាធរជាតិអប្សរា។

អ្នកបច្ចេកទេសបានឲ្យដឹងថា ព្រះវិហារវត្តលលៃ មានសភាពចាស់ទ្រុឌទ្រោមដោយសារអាយុកាល ច្រើនឆ្នាំ គុណភាពនៃសំណង់បុរាណមួយផ្នែកបានរងការបំផ្លាញពីសត្វល្អិត ធ្វើឲ្យបាត់បង់នូវភាពរឹងមំា និងសោភ័ណភាពជាច្រើនកន្លែង។ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល និងអភិរក្សឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស  និងសម្ភារដូចដើមទាំងស្រុងឡើងវិញ ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។

គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យ ព្រះពុទ្ធសាសនាដ៏រស់រវើក  ឲ្យនៅឋិតថេរបន្តទៅមុខទៀត និងដើម្បីបម្រើប្រយោជន៍ដល់ការ សិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែល មកទស្សនាទឹកដីបុរាណដ្ឋានដ៏ពិសិដ្ឋមួយនេះ៕