បច្ចេកវិទ្យា

បេសកកម្មរុករកភពព្រះអង្គារលើកដំបូងរបស់ចិន សម្រេចបានលទ្ធផលវិទ្យាសាស្ត្រដ៏សម្បូរបែប

រដ្ឋបាលអវកាសជាតិចិន បាននិយាយថា បេសកកម្មរុករកភពព្រះអង្គារលើកដំបូង ទីបំផុតបសម្រេច​បាន​លទ្ធផលវិទ្យាសាស្រ្តដ៏សម្បូរបែប។

យោងតាមសារព័ត៌មានចិនស៊ីនហួរ រដ្ឋបាលអវកាសជាតិចិន ហៅកាត់ (CNSA) ​បានឲ្យដឹងថា គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះ យានអវកាសចិន Tianwen-1 បានដំណើរការជាធម្មតា​អស់រយៈពេលជាង ៧៨០ ថ្ងៃហើយ ខណៈដែលយាន Zhurong ក៏បានធ្វើដំណើរលើ​ផ្ទៃភពអង្គារបានចម្ងាយប្រហែល ១.៩២១ ម៉ែត្រផងដែរ។ ពួកវាបានចុះចតលើផ្ទៃភពព្រះអង្គារ​ត្រង់វាលទំនាប Utopia Planitia នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១ ដោយបានបញ្ចប់បេសកកម្ម​រុករកតាមបែបវិទ្យាសាស្ត្រ និងទទួលបានទិន្នន័យឆៅ ១.៤៨០ ជីហ្គាបៃ។ មិនអន់ជាងភ្នាក់ងារអាម៉េរិក អ្នកវិទ្យាសាស្រ្តចិនក៏បានធ្វើការសិក្សាយ៉ាងទូលំទូលាយអំពីទម្រង់ដីធម្មតានៅតំបន់ចុះចត រួមទាំងកោណរាងពងក្រពើ រណ្តៅ និងចង្អូរ ដែលបង្ហាញឲ្យឃើញពីទំនាក់ទំនងដ៏សំខាន់​រវាងការបង្កើតជួរភ្នំ និងទម្រង់ទឹក។

អ្នកស្រាវជ្រាវចិន បានរកឃើញសារធាតុរ៉ែដែលមានទឹកនៅក្នុងផ្ទាំងថ្មរឹង ដែលបង្ហាញថាមាន​សកម្មភាពទឹករាវជាច្រើននៅក្នុងតំបន់ចុះចត កាលពី១ ពាន់លានឆ្នាំមុន៕

ប្រភព៖XINHUA.NET

ប្រភពរូប៖XINHUA.NET

ប្រែសម្រួល៖សុខ តុលា