កីឡា

កាំភ្លើងធំ បំបាក់ Brentford ដើម្បីឡើងទៅនៅទីកំពូលវិញ

ក្រុមកាំភ្លើងធំ Arsenal បានវិលទៅឈរនៅកំពូលតារាងពិន្ទុរបស់ក្របខ័ណ្ឌ Premier League វិញហើយ ខណៈដែលគ្រាប់បាល់របស់កីឡាករ William Saliba, Gabriel Jesus និង Fabio Vieira បានបង្ហាញឱ្យឃើញនូវទម្រង់លេងដ៏លេចធ្លោ ដោយការយកឈ្នះក្រុមម្ចាស់ផ្ទះ Brentford ៣-០ កាលពីថ្ងៃអាទិត្យ។

ការមានរបួសរបស់ប្រធានក្រុម Martin Odegaard និងខ្សែការពារ Oleksandr Zinchenko បានធ្វើឱ្យក្រុមរបស់លោក Mikel Arteta ត្រូវបញ្ចូលបន្ថែមកីឡាកររហូតដល់ Ethan Nwaneri ដែលមានវ័យទើប ១៥ឆ្នាំ ដោយកីឡាកររូបនេះ បានក្លាយជាកីឡាករក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ Premier League ពេលត្រូវបានដូរចូល នៅចុងម៉ោង។

តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំ មិនបានបង្ហាញពីសញ្ញាទន់ខ្សោយ នៅលើទីលាន ដែលពួកគេបានចាញ់ ២-០ កាលពីរដូវកាលមុននោះឡើយ ហើយជាមួយនឹងជ័យជម្នះនេះ ពួកគេបានត្រឡប់ទៅនៅពីលើក្រុម Manchester City និង Tottenham ដោយការនាំមុខ ១ពិន្ទុវិញ។

ក្រោយក្រុមដណ្ដើមបាន ៣ពិន្ទុ ខ្សែបម្រើ Granit Xhaka របស់ក្រុម Arsenal បាននិយាយថា៖ «យើងមានការគិតខុសប្លែកពីមុន នារដូវកាលនេះ។ យើងកំពុងហ្វឹកហាត់ ដូចជាយើងកំពុងធ្វើការប្រកួតអ៊ីចឹង ហើយយើងមានកីឡាករកម្រិតល្អៗ ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរបាន»។

ការប្រកួតត្រូវបានរំកិលទៅមុខរយៈពេល ២ម៉ោង ដើម្បីជួយបន្ថយសម្ពាធដល់ក្រុមប៉ូលិស ជុំវិញពិធីបុណ្យព្រះសពរបស់ម្ចាស់ក្សត្រី Elizabeth II ហើយព្រះមហាក្សត្រ ដែលគ្រងរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេសអង្គនេះ ត្រូវបានចងចាំ ជាមួយនឹងការស្មិងស្មាធិ៍ ១នាទី មុនពេលការប្រកួតចាប់ផ្ដើម៕