កីឡា

Haaland ត្រូវបានបោះឆ្នោតជាកីឡាករល្អជាងគេ ប្រចាំខែសីហា នៅអង់គ្លេស

ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Manchester City ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមជាងគេរបស់ក្របខ័ណ្ឌ Premier League សម្រាប់ខែសីហា បន្ទាប់ពីស៊ុតបញ្ចូលទីបានដល់ទៅ ៦គ្រាប់ ក្នុងចំណោមការចូលលេង ៥ដង សម្រាប់ការចាប់ផ្តើមអាជីពរបស់ខ្លួនបានយ៉ាងអស្ចារ្យ ក្នុងប្រទេសអង់គ្លេស។

កីឡាករ Haaland វ័យ ២២ឆ្នាំ ទម្លុះសំណាញ់ទីបាន ២គ្រាប់ នៅថ្ងៃបង្ហាញខ្លួនដំបូង ក្នុងលីគ ទល់នឹងក្រុម West Ham United ហើយស៊ុតបញ្ចូលទីបាន ១គ្រាប់ នៅឯទឹកដីរបស់ក្រុម Newcastle United មុនពេលធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ជាប់ៗគ្នា ពេលប៉ះក្រុម Crystal Palace និង Nottingham Forest ខណៈដែលក្រុម Man City បានឈ្នះ ៤ដង ក្នុងចំណោមការប្រកួត ៥លើកដំបូងរបស់ពួកគេ។

កីឡាករសញ្ជាតិន័រវេស ដែលបានចូលរួមជាមួយក្រុម Man City ដោយចេញពីក្លិប Borussia Dortmund បានយកឈ្នះគូប្រជែង Gabriel Jesus និង Martin Odegaard ដែលជាកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ទាំង ២រូប ក៏ដូចជាខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្រុម Fulham ក្នុងចំណោមកីឡាករដទៃទៀត ដើម្បីក្លាយជាអ្នកគ្រងពានរង្វាន់នេះ។

បើយោងតាមក្រុមហ៊ុនវិភាគកីឡាករ Opta មានតែកីឡាករ Luis Suarez អតីតខ្សែប្រយុទ្ធ Liverpool ប៉ុណ្ណោះ ដែលស៊ុតបញ្ចូលទីបានច្រើនជាងនេះ ក្នុងរយៈពេលតែ ១ខែ នៅ Premier League ដោយរកបាន ១០គ្រាប់ កាលពីខែធ្នូ ឆ្នាំ២០១៣។

កីឡាករ Haaland បាននិយាយថា៖ «ខ្ញុំមានក្ដីសោមន្សរីករាយណាស់ ដែលបានឈ្នះពានរង្វាន់នេះលើកដំបូង។ វាជាការចាប់ផ្តើមរដូវកាលបានយ៉ាងអស្ចារ្យ សម្រាប់ក្រុម ហើយខ្ញុំមានការដឹងគុណណាស់ ចំពោះអ្នកគ្រប់គ្នា ដែលបានបោះឆ្នោតឱ្យខ្ញុំ។ សង្ឃឹមថា ខ្ញុំអាចបន្តចំណែកគាំទ្រដល់ក្រុម និងបន្តការចាប់ផ្តើមដ៏រឹងមាំរបស់យើងទៀត សម្រាប់រដូវកាលនេះ»។

ក្រុម Man City ឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាងពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៦ហ្គេម ដោយមាន ១៤ពិន្ទុ ពោលគឺមានគម្លាត ១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ។ ពួកគេនឹងធ្វើដំណើរទៅកាន់ផ្ទះរបស់ក្រុម Wolverhampton Wanderers នៅថ្ងៃសៅរ៍នេះ៕