កីឡា

FIFA បញ្ជាក់ច្បាស់ថា អេក្វាទ័រ នៅតែបានចូលរួម World Cup ទោះស៊ីលីប្ដឹងតវ៉ា

សិទ្ធិរបស់ក្រុមជម្រើសជាតិអេក្វាទ័រ នៅឯព្រឹត្តិការណ៍ World Cup នាប្រទេសកាតា គឺមិនបាត់បង់នោះឡើយ បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានច្រានចោលការព្យាយាមស្នើសុំរបស់ក្រុមស៊ីលី ដើម្បីឱ្យមានការដកក្រុមគូប្រជែង នៅអាមេរិកខាងត្បូងរបស់ពួកគេ ចេញពីការប្រកួតប្រជែងដ៏ធំរបស់ពិភពលោកនេះ។

កៅអី ១ ក្នុងពូល A រួមទាំងការប្រកួតបើកឆាកទល់នឹងក្រុមម្ចាស់ផ្ទះកាតា នាថ្ងៃទី២០ ខែវិច្ឆិកា ស្ថិតក្រោមការគំរាមកំហែង ដោយសារពាក់ព័ន្ធនឹងសិទ្ធិរបស់កីឡាករ Byron Castillo ដែលបានចូលលេងចំនួន ៨ដង អំឡុងយុទ្ធនាការវគ្គជម្រុះ។

ក្រុមស៊ីលីបានបង្ហាញភ័ស្តុតាង ដែលថា កីឡាករ Castillo កើតនៅប្រទេសកូឡុំប៊ី ហើយកំពុងធ្វើសកម្មភាព ដែលនឹងឃើញថា ពួកគេ អាចជំនួសអេក្វាទ័រ ក្នុងការប្រកួតប្រជែងនេះ។ តែទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការបណ្តឹងឧទ្ធរណ៍របស់ FIFA បានសម្រេចបិទនីតិវីធី ដែលផ្តួចផ្តើមប្រឆាំងនឹងសហព័ន្ធបាល់ទាត់អេក្វាទ័រ (FEF)។

គណៈកម្មាធិការរបស់ FIFA បានចេញសេចក្តីថ្លែងការណ៍ថា៖ «ដោយបានវិភាគលើការដាក់ស្នើពីភាគីទាំងអស់ ហើយបន្ទាប់ពីសវនាការត្រូវបានធ្វើឡើង គណៈកម្មាធិការឧទ្ធរណ៍ បានបញ្ជាក់អះអាងពីការសម្រេចចិត្តរបស់គណៈកម្មាធិការវិន័យ ក្នុងការបិទនីតិវិធី ដែលផ្តួចផ្តើមប្រឆាំងនឹង FEF»។

«ក្នុងចំណោមការពិចារណាផ្សេងទៀត វាត្រូវបានចាត់ទុកថា ដោយផ្អែកលើឯកសារដែលបានបង្ហាញ កីឡាករត្រូវបានចាត់ទុកថា មានសញ្ជាតិអេក្វាទ័រជាអចិន្ត្រៃយ៍ ដោយអនុលោមតាមច្បាប់របស់ FIFA»។ សេចក្ដីប្រកាស បានបន្ថែម។

ប្រទេសស៊ីលី នៅតែអាចប្តឹងឧទ្ធរណ៍ ជំទាស់នឹងការសម្រេចនេះ ហើយយកសវនាការទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS)៕