កីឡា

Arteta ឈ្នះពានរង្វាន់អ្នកចាត់ការល្អប្រចាំខែរបស់ Premier League

លោក Mikel Arteta បានឈ្នះពានរង្វាន់អ្នកចាត់ការល្អប្រចាំខែរបស់ក្របខ័ណ្ឌ Premier League បន្ទាប់ពីដឹកនាំក្រុមកាំភ្លើងធំ Arsenal ឱ្យឈរនៅលើទីកំពូលតារាង ក្នុងអំឡុងពេលខែសីហាដ៏ល្អឥតខ្ចោះ។

ក្រុម Arsenal បានឈ្នះការប្រកួតទាំង ៥លើកដំបូងនៃរដូវកាលរបស់ខ្លួន នៅ Premier League ជាលើកទី២ កាលពីខែមុន ដោយធ្លាប់ធ្វើបានយ៉ាងដូច្នេះម្ដង ក្នុងឆ្នាំ២០០៤-២០០៥ ក៏ដូចជាទទួលបានការសរសើរ ចំពោះហ្គេម ដែលលេងដោយការគ្រប់គ្រងបានយ៉ាងល្អគួរឱ្យចាប់អារម្មណ៍របស់ពួកគេ។

ក្រុមរបស់លោក Arteta បានបាត់បង់យ៉ាងប្រផិតប្រផើយ ក្នុងការបានសិទ្ធិទៅចូលរួមប្រកួតប្រជែង នៅក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន តែដោយបានការជំរុញ ពីការមកដល់របស់ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Oleksandr Zinchenko បានធ្វើឱ្យក្រុមក្លាយជាគូប្រជែងមួយ នៅដើមរដូវកាលថ្មីនេះ។

ទោះបីជាក្រុមកាំភ្លើងធំ បានរងបរាជ័យ ៣-១ នៅឯទឹកដីរបស់ក្រុមបិសាចក្រហម Manchester United សម្រាប់ការប្រកួតដំបូងរបស់ពួកគេ ក្នុងខែកញ្ញា ដោយលទ្ធផលនេះ នាំឱ្យពួកគេមិនអាចឈ្នះ ៦ហ្គេមបើកឆាក នៅលីគកំពូលជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៧-១៩៤៨ តែពួកគេនៅតែបន្តនាំមុខក្រុម Manchester City និង Tottenham ១ពិន្ទុ ដើម្បីបន្តឈរនៅទីកំពូលតារាង។

លោក Arteta បានយកឈ្នះលើការប្រជែងពីបេក្ខភាព ៤នាក់ផ្សេងទៀត ដើម្បីក្លាយជាម្ចាស់ជយលាភីពានរង្វាន់នេះ ក្នុងនោះរួមមានទាំងអតីតអ្នកបង្ហាត់បង្ហាញផ្លូវពីមុន (អ្នកណែនាំ) លោក Pep Guardiola និងលោក Graham Potter ដែលបានដឹកនាំក្រុម Brighton and Hove Albion ឱ្យឆ្ពោះទៅរកការចាប់ផ្តើមដ៏រឹងមាំ ក្នុងខែសីហា មុនពេលចាកចេញទៅកាច់ចង្កូតរបស់ក្រុមតោខៀវ Chelsea។

តែទោះយ៉ាងណាក៏ដោយ កីឡាកររបស់ក្រុម Arsenal មិនមានអ្នកឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសកីឡាករឆ្នើមជាងគេប្រចាំខែ (Player of the Month) នោះទេ ដោយទាំងកីឡាករ Jesus និងប្រធានក្រុម Martin Odegaard មិនអាចវ៉ាដាច់ខ្សែប្រយុទ្ធ Erling Haaland ដែលស៊ុតបញ្ចូលទីបាន ៩គ្រាប់ ពីការបង្ហាញខ្លួន ៥ដង ឱ្យក្រុម Manchester City  ក្នុងខែសីហា៕