កីឡា

Ronaldo ស៊ុតគ្រាប់ដំបូងនៃរដូវកាល ខណៈបិសាចក្រហម ឈ្នះនៅ Europa League

ខ្សែប្រយុទ្ធ Cristiano Ronaldo នៅទីបំផុត បានទម្លុះសំណាញ់ទីជាលើកដំបូង ក្នុងរដូវកាលនេះហើយ ខណៈដែលក្រុមបិសាចក្រហម Manchester United ចាប់ផ្ដើមធ្វើឱ្យយុទ្ធនាការ នៅក្របខ័ណ្ឌ Europa League របស់ពួកគេប្រសើរឡើងវិញ ដោយការដណ្ដើមបានជ័យជម្នះ ២-០ នៅឯទឹកដីរបស់ក្រុម Sheriff Tiraspol កាលពីយប់ថ្ងៃព្រហស្បតិ៍។

កីឡាករ Ronaldo បានចូលលេង ៧លើក ដោយរកគ្រាប់បាល់មិនបានសោះនោះឡើយ នៅរដូវកាលនេះ មុននឹងខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះ មានឱកាសស៊ុតបាល់ប៉េណាល់ទីសម្រេច ១គ្រាប់ ក្នុងវគ្គទី១ សម្រាប់ការប្រកួតទល់នឹងក្រុមម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសម៉ុលដាវី។

នេះគឺជាគ្រាប់បាល់ទី៦៩៩ របស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះ ហើយការអបអរបែបសប្បាយៗរបស់កីឡាករ Ronaldo កំពុងកើតឡើងដំណាលគ្នាជាមួយនឹងជ័យជម្នះក្រៅផ្ទះបែបស្រួលៗជាលើកទី ៣ ជាប់ៗគ្នារបស់ក្រុម Man United។

នេះគឺជាប្រភេទនៃការប្រកួតកម្រិតទាប ដែលកីឡាករ Ronaldo ហាក់ដូចជាគ្មានសង្ឃឹម ក្នុងការចៀសឱ្យផុត នៅពេលដែលរូបគេ បានចាប់ផ្ដើមព្យាយាមស្នើសុំមិនជោគជ័យ ដើម្បីចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរកក្លិប ដែលលេងនៅក្របខ័ណ្ឌ Champions League នារដូវក្តៅ។

កីឡាករ Ronaldo បានខកខានក្នុងការប្រកួតដំណើរទេសចរណ៍ មុនរដូវកាលរបស់ក្រុម Man United ដោយសារហេតុផលគ្រួសារ ហើយខណៈពេលដែលលោក Erik Ten Hag ពេញចិត្តនឹងការរួមចំណែករបស់គេ ក្នុងការលេងទល់នឹងក្រុម Sheriff គាត់និយាយថា ខ្សែប្រយុទ្ធត្រូវការធ្វើការងារបន្ថែមទៀត ដើម្បីឈានដល់កម្រិតកំពូលរបស់ខ្លួនវិញ។

គ្រូបង្វឹករបស់ក្រុម Man United លោក Ten Hag បានលើកឡើងថា៖ «យើងអាចរំពឹងពីសមិទ្ធផលនេះ នៅពេលដែលអ្នកមិនមានវត្តមាន មុនបើករដូវកាលនោះ ដូច្នេះ រូបគេ (Ronaldo) ត្រូវតែប្រឹងប្រែងឱ្យខ្លាំង និងផ្ដល់នូវអ្វីគ្រប់យ៉ាង ដើម្បីទទួលបាននូវភាពរឹងមាំល្អ ដែលបន្ទាប់មក រូបគេនឹងរកគ្រាប់បាល់បានច្រើនជាងនេះជាមិនខាន»។

«អ្នកអាចមើលឃើញថា រូបគេពិតជាទៅកាន់តែកៀកហើយ ហើយនៅពេលដែលរូបគេកាន់រឹងមាំជាងនេះ រូបគេនឹងបញ្ចប់ទីបានយ៉ាងល្អ។ ខ្ញុំគិតថា រូបគេបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ និងក្រុមនេះ។ រូបគេត្រូវការគ្រាប់បាល់នោះ។ អ្នកបានឃើញពីទំនាក់ទំនងជុំវិញខ្លួនគេហើយ។ យើងសប្បាយចិត្តជាមួយគ្រាប់បាល់នោះ ហើយក្រុមចង់ឱ្យរូបគេស៊ុតបញ្ចូលទី ដូច្នេះ វាជាការល្អ»។ លោក Ten Hag បានបន្ថែម៕