កីឡា

Rodriguez ចូលរួមជាមួយ Olympiakos ក្រោយចេញពី Al Rayyan

កីឡាករ James Rodriguez បានព្រមព្រៀងចុះហត្ថលេខាជាមួយក្លិប Olympiakos បន្ទាប់ពីត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Al Rayyan។ នេះបើយោងតាមការប្រកាសរបស់ក្លិប នៅក្រិក កាលពីថ្ងៃព្រហស្បតិ៍។

កីឡាករអន្តរជាតិកូឡុំប៊ីវ័យ ៣១ឆ្នាំ ដែលបានឈ្នះពានរង្វាន់ នៅក្របខ័ណ្ឌ Champions League របស់អឺរ៉ុប ២ដងជាមួយក្រុមអធិរាជាស Real Madrid បានចូលរួមជាមួយក្លិប Al Rayyan ក្នុងប្រទេសកាតា ដោយការចាកចេញពីក្លិប Everton របស់អង់គ្លេស កាលពីឆ្នាំមុន តែចូលលេងបានត្រឹមតែ ១៥ដងប៉ុណ្ណោះ ដោយសាររបួស។

ក្លិប Olympiakos បានឱ្យដឹងខ្លីៗ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា៖ «រូបគេនៅទីនេះ សូមស្វាគមន៍កីឡាករ James Rodriguez ដែលមកក្លិបកាន់ Olympiakos & Piraeus»។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្លិប Al-Rayyan បានបញ្ជាក់អះអាងថា កិច្ចសន្យារបស់កីឡាករ Rodriguez ត្រូវបានបញ្ចប់ដោយមានការយល់ព្រមពីគ្នាទាំងសងខាង។

កីឡាករ Rodriguez បានឈ្នះស្បែកជើងមាស ក្នុងព្រឹត្តិការណ៍ World Cup 2014 នៅប្រទេសប្រេស៊ីល ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ ក្នុងចំណោមការប្រកួត ៥ដង។ ខ្សែបម្រើប្រយុទ្ធរូបនេះ ក៏ធ្លាប់លេងឱ្យក្លិប Porto (ព័រទុយហ្គាល់) Monaco (បារាំង) និង Bayern Munich (អាល្លឺម៉ង់) ផងដែរ៕