កីឡា

Laporta អបអរថា ជាថ្ងៃប្រវត្តិសាស្ត្រ ខណៈ Gavi បន្តកិច្ចសន្យាថ្មី

កីឡាករវ័យក្មេង Gavi របស់ក្លិប Barcelona បានយល់​ព្រម​លើក​ដង​ប៉ាកកាចុះហត្ថលេខា ក្នុង​កិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៦ ចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នៅឯកីឡដ្ឋាន Camp Nou កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រធានក្លិបលោក Joan Laporta បានធ្វើ​ការ​អបអរសាទរថា វាជាថ្ងៃប្រវត្តិសាស្ត្រ។

ខ្សែបម្រើ ដែលក្លាយ​ជាកីឡាករស្នូល សម្រាប់ក្រុមរបស់ខ្លួន​រួចហើយ ក្នុង​វ័យ ១៨ឆ្នាំ និងដែល​ក្លាយ​ជាកីឡាករ​ជម្រើសដំបូង​យ៉ាងទៀងទាត់​ ក្នុង​ក្រុម​ជម្រើសជាតិអេស្ប៉ាញ ក្រោម​ការ​ដឹក​នាំ​របស់​លោក Luis Enrique មានតម្លៃផ្ដាច់​កុងត្រា ១ពាន់លានអឺរ៉ូ (១,០០០១៧ពាន់លានដុល្លារ)។

«ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ។ ជាមួយនឹង​កីឡាករ Gavi យើងកំពុងបន្តបច្ចុប្បន្នភាព ភាពបន្ទាន់​ភ្លាមៗ និងអនាគតរបស់ក្លិប Barca»។ នេះ​ជាការ​លើក​ឡើង​ខ្លីៗ​របស់​ប្រធានក្លិប លោក Laporta។

សម្រាប់​សមិទ្ធផល​ ដែល​ចេញ​ពី​សាលាបាល់​ទាត់ថ្នាលរបស់​ក្លិប ​កីឡាករ  Gavi ដែលបានចាប់ផ្តើមចូល​លេង​នូវ​រាល់ការប្រកួតរបស់ក្រុមអ្នក​មាន​បុណ្យ នារដូវកាលនេះ បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតរបស់ក្រុម​គោជល់អេស្ប៉ាញ ក្នុងខែមិថុនា ឆ្នាំ២០២២ នៅវ័យ ១៧ឆ្នាំ និង៣០៤ថ្ងៃ។

ក្រោយ​ព្រមព្រៀង​បន្តកុងត្រា​ កីឡាករ Gavi បាននិយាយថា៖ «ខ្ញុំព្យាយាមបណ្ដោយ​គ្រប់​យ៉ាង​ឱ្យ​ទៅតាមធម្មជាតិ ដែលអាចធ្វើទៅបាន។ La Masia (សាលាបាល់ទាត់ថ្នាលរបស់ Barca) បានជួយខ្ញុំច្រើន ក្នុងរឿងនេះ ក៏ដូចជាក្រុម និងបុគ្គលិកផងដែរ។ ខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះមេចុងភៅ និងគ្រូបង្ហាត់​បង្រៀន (នៅសាលានោះ)។ តាំងពីតូចមក ពួកគេបានបង្ហាញខ្ញុំពីរបៀប​ធ្វើ​ការ​ និងការឱនលំទោន»៕