សេដ្ឋកិច្ច

៨​ខែ​ដំបូង ឆ្នាំ​២០២២​កម្ពុជា​ទទួលបាន​ចំណូល ពី​ការនាំចេញ​ជ័រកៅស៊ូ​ជាង​៣​រយ​លាន​ដុល្លារ

​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៅ​រយៈពេល ៨​ខែ​ដំបូង ឆ្នាំ​២០២២  នេះ កម្ពុជា​ទទួលបាន​ចំណូល ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ មាន​ចំនួន​ជាង ៣​រយ​លាន​ដុល្លារ មានការ​កើន​ជាង ២៤% បើ​ធៀប​នឹង​រយៈ ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ។ តែ​ទោះ​យ៉ាងណាក៏ដោយ​ខ្សែចង្វាក់​ផលិតកម្ម​ដំណាំ​កៅស៊ូ​នាពេល​បច្ចុប្បន្ន នៅតែមាន​ជួប​បញ្ហា​ប្រឈម​មួយចំនួន រួមទាំង​ស្ថានភាព​ទីផ្សារ និង​តម្លៃ​កៅស៊ូ​មិនមាន​ស្ថិរភាព​ជាដើម​។​

​ឯកឧត្តម ហ៊ឹម អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​គូសបញ្ជាក់ថា ស្ថានភាព​ទីផ្សារ និង​តម្លៃ​នៃ​ការនាំចេញ​កៅស៊ូ នាពេល​បច្ចុប្បន្ន ហាក់​មានការ​ថយចុះ​ជាង​ឆ្នាំមុន ពោលគឺ តម្លៃ​លក់​ជ័រកៅស៊ូ គិត​ចាប់ពី​ខែមករា​ឆ្នាំ​រហូតមក ដល់​ខែសីហា ឆ្នាំ​២០២២ មានតម្លៃ​ជា​មធ្យម ១៥៥៣ ដុល្លារ​ក្នុង​មួយ​តោន ថយចុះ ១៩៩ ដុល្លា​ក្នុង​មួយ​តោន ឬ​ស្មើនឹង​អត្រា​ធ្លាក់ចុះ ៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយឡែក តម្លៃ​លក់​ជ័រកៅស៊ូ​ជា​មធ្យម​គិត​ក្នុង​ខែសីហា មានតម្លៃ ១៤៣១ ដុល្លា​ក្នុង​មួយ​តោន បាន​ថយចុះ​ចំនួន ៨៣​ដុល្លារ​ក្នុង​មួយ​តោន ស្មើនឹង​ជាង ៥% ធៀប​នឹង​ខែ​មុន និង​បាន​ថយចុះ​ចំនួន ២៣៩​ដុល្លារ​ក្នុង​មួយ​តោន ស្មើនឹង​១៤%​ធៀប​នឹង​តម្លៃ​កាលពី​ខែសីហា​ឆ្នាំមុន​។​

​តម្លៃ​កៅស៊ូ​មិនមាន​ស្ថិរភាព នៅតែ​បន្ត​ធ្លាក់ចុះ​នេះ ដោយសារ​កត្តា​មួយចំនួន​បណ្តាលមកពី​វិបត្តិ​ម​សេដ្ឋកិច្ច​សកល ការប្រែប្រួល​តម្លៃ​ថាមពល អតុល្យភាព​រវាង​ការ​ផ្គត់​ផ្គង​និង​តម្រូវការ និង​ការប្រែប្រួល​រូបិយ​បណ្ណ​ធៀប​នឹង​ប្រាក់​ដុល្លា​អាមេរិក​ជាដើម​។ ទីផ្សារ​សំខាន់ៗ ក្នុងការ​នាំចេញ​កៅស៊ូ​របស់​កម្ពុជា មានដូចជា វៀតណាម ម៉ាឡេស៊ី ចិន សិង្ហ​បុរី ជប៉ុន កូរ៉េ និង​សហគម​អឺរ៉ុប​ជាដើម​៕ដោយៈសិរីមតី