សេដ្ឋកិច្ច

រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ លើកដំបូង នឹង​សាងសង់​ខែវិច្ឆិកា ឆ្នាំ​២០២២

​ភ្នំពេញ​៖ រោងចក្រ​ផលិត​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា​ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​។ នេះ​បើតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។​

​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា​នេះ លោកស្រី យក់ សម្បត្តិ បាន​លើកឡើងថា រោងចក្រ​ផលិត​ថ្នាំ​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ដែលជា​ការវិនិយោគរ​បស់​ចិន នឹងត្រូវ​សាងសង់ នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ ៥​ហិកតា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញា​ឭ ខេត្តកណ្តាល​។ បច្ចុប្បន្ន ក្រុមហ៊ុន​ចិន កំពុង​បូម​ដី ចាក់​បំពេញ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។

លោកស្រី យក់ សម្បត្តិ លើកឡើងថា រោងចក្រ​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ នឹង​សាងសង់ ដោយ​ឈរលើ​មូលដ្ឋាន​បច្ចេក​វេជ្ជសាស្ត្រ មាន​អគារ​ធំៗ សម្រាប់​សង្វាក់​ផលិតកម្ម​ច្រក និង​វេច​ខ្ចប់ អគារ​ស្នាក់នៅ​របស់​ក​ម្មករ និង​មាន​ប្រព័ន្ធ សម្រាប់​រក្សា និង​បញ្ចេញ​កាកសំណល់​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ ជាដើម​។ ដោយឡែក បច្ចេកទេស​ច្រក និង​វេច​ខ្ចប់ ជា​បច្ចេកទេស​របស់​ក្រុមហ៊ុន​ចិន ស៊ី​ណូ​វ៉ា​ក់ ដែល​បំពាក់​ជូន​រោងចក្រ​។​

​លោកស្រី​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា​៖​រាជរដ្ឋាភិបាល បានគិត​គូរ​ទុក​ថា រោងចក្រ​ផលិត​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​នេះ នឹងត្រូវ​ប្រើប្រាស់ សម្រាប់​ផលិត​ថ្នាំ​វ៉ាក់សាំង​ដទៃទៀត នៅ​ថ្ងៃ​ខាងមុខ​៕ដោយៈផាវី