សេដ្ឋកិច្ច

រយៈពេល​៨​ខែ​២០២២ ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​-​អាករ បាន​ជាង​២៤០០​លាន​ដុល្លារ​

​ភ្នំពេញ​៖​សម្រាប់​រយៈពេល ៨​ខែ ឆ្នាំ​២០២២ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ជាក់​ស្ដែ​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន ៩ ៨៧៩,១៤ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២ ៤៣៩,២៩ លាន​ដុល្លារ​) ស្មើនឹង ៨៦,៥១% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១​ឃើញថា​កើនឡើង​ចំនួន ២ ១៣៨,៨៦ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៥២៨,១១ លាន​ដុល្លារ​) ស្មើនឹង ២៧,៦៦%​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​ឯកឧត្តម គង់ វិបុល​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រតិភូ​រាជ​រដ្ឋា​ភិ​បា​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែសីហា កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២២​។​

ឯកឧត្តម គង់ វិបុល បានឱ្យដឹង​ទៀតថា​៖​ចំពោះ ខែសីហា ឆ្នាំ​២០២២ ចំណូល​ពន្ធ​-​អាករ មាន​ចំនួន ៩២៧,៩៣ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២២៩,១២ លាន​ដុល្លារ​) ស្មើនឹង ៨,១៣% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​។​បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែសីហា ឆ្នាំ​២០២១ ឃើញថា​កើនឡើង ចំនួន ១៤៩,១២ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៣៦,៨២ លាន​ដុល្លារ​) ស្មើនឹង ១៩,១៥%​។

​ឯកឧត្តម គង់ វិបុល បាន​លក​ឡើង​ថា​៖​ទោះបី​ជាមាន​ហានិភ័យ​បណ្ដាល​ពី​ភាពមិនប្រាកដប្រជា និង​ការប្រែប្រួល​បរិបទ​សេដ្ឋកិច្ច​សកល រលក​នៃ​ការរីក​រាលដាល និង ប​ម្លែ​ង​ឥតឈប់ឈរ​នៃ​ជំងឺ​កូ​វីដ​-១៩ ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​និង​សន្តិសុខ​សកល ដែល​បាន​ជះឥទ្ធិពល​មកលើ ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​យ៉ាងណាក្ដី ក៏​ស្ថានភាព​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២២ នៅតែ​រក្សាបាន នូវ​ស្ថានភាព​ល្អប្រសើរ​គឺ​តែងតែ​សម្រេចបាន​គ្រប់​និង​លើស​ផែនការ​កំណត់​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ ដែល​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថវិកា​សម្រាប់​ការចំណាយ​នានា​របស់​រដ្ឋាភិបាល​៕ដោយៈសិរីមតី