កីឡា

Potter រងការខកចិត្ត ខណៈ Salzburg ទប់ស្មើ Chelsea

លោក Graham Potter បានទទួល​ស្គាល់​ថា ក្រុម​ Chelsea ត្រូវតែធ្វើឱ្យប្រសើរឡើងវិញ​នូវ​បញ្ហាលម្អិត​តិចតួច បន្ទាប់ពីត្រូវ​ក្រុម Red Bull Salzburg ធ្វើឱ្យខូចដល់​ការបំពេញ​តួនាទីក្នុង​ការ​ប្រកួតដំបូងរបស់​គាត់ ដោយ​បាន​តាម​ស្មើ ១-១ នៅ​ចុង​ម៉ោង ក្នុង​ហ្គេមនៅក្របខ័ណ្ឌ Champions League កាលពីយប់​ថ្ងៃពុធ។

លោក Potter បាន​ស្ថិត​នៅ​លើផ្លូវ ក្នុង​​​ការ​រក​បាន​នូវ​ជ័យ​ជម្នះ​ជា​លើក​ដំបូងរបស់​ខ្លួន​ហើយ ​នៅ​ពេល​ដែលខ្សែប្រយុទ្ធ Raheem Sterling បាន​ជួយ​​ឱ្យក្រុម Chelsea នាំ​មុខ​មុន ​នៅ​ដើម​វគ្គ​ទី២ សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stamford Bridge នេះ។

តែ​អតីតគ្រូបង្វឹករបស់​ក្រុម Brighton ដែលបានមក​ជំនួសតំណែង​របស់លោក Thomas Tuchel កាលពីសប្តាហ៍មុន ត្រូវ​ទទួល​បាន​ត្រឹម ១ពិន្ទុ ខណៈដែលខ្សែប្រយុទ្ធ Noah Okafor បានដាក់ទោសដល់​ការការពារដ៏ច្របូកច្របល់របស់​ក្រុម​ម្ចាស់​ផ្ទះ ដោយ​ការ​ទម្លុះសំណាញ់​ទី ដើម្បី​តាមស្មើនៅ​នាទីទី​ចុង​ក្រោយ​នៃ​ម៉ោង​ធម្មតា។

វា​ជា​ទម្រង់​លេងដ៏​គួរ​ឱ្យ​កត់សម្គាល់​ពីក្រុម Chelsea ដោយ​គូសបញ្ជាក់​ពី​ការងារ​ដែលលោក Potter ត្រូវ​ធ្វើ​ ដើម្បី​ជួសជុល​ចន្លោះប្រហោង​ក្នុង​ក្រុម​ដ៏​​មាន​តម្លៃ​ថ្លៃ​ ដែល​បន្សល់ទុក​ដោយលោក Tuchel។

លោក Potter ដែលមិនធ្លាប់បានដឹក​នាំ​ការប្រកួត នៅ Champions League នោះ​ឡើយ បាននិយាយថា៖ «វាតែងតែមានការខឹងសម្បា​ជាធម្មតា នៅពេលដែលអ្នកបានរបូត​គ្រាប់​បាល់។ ជារួម ទម្រង់ការពារគឺល្អគួរសម ដោយ​គ្រាន់តែមាន​បញ្ហា​លម្អិត​តិចតួចប៉ុណ្ណោះ ដែលយើងនឹងត្រូវកែលម្អ។ យើងខកចិត្តនឹងលទ្ធផល។ យើងបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ តែ​យើង​បាត់បង់​ម្ចាស់​ការ​បន្តិច»។

ដោយទទួលបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន ២លើកដំបូង ឥឡូវនេះ ក្រុម Chelsea ប្រឈមមុខនឹងការប្រជែងយ៉ាង​តឹង​តែង ដើម្បីបានធ្វើ​ដំណើរ​ទៅវគ្គបន្ត ជាមួយនឹងការប្រកួតចំនួន ២ដង​នាពេលបន្តាប់ ដោយ​​ត្រូវ​ប៉ះក្រុមយក្ស AC Milan របស់​អ៊ីតាលី ដែល​កំពុង​ឈរលេខ ១ ក្នុងពូល E ជាមួយ​នឹង ៤ពិន្ទុ៕