រថយន្តគ្រួសាររបស់គ្រូបង្វឹកក្រុម Porto លោក Sergio Conceicao ត្រូវបានរងការវាយប្រហារយ៉ាងដំណំ បន្ទាប់ពីការចាញ់យ៉ាងអាម៉ាស់ នៅក្របខ័ណ្ឌ Champions League នាសប្តាហ៍នេះ ដោយសារក្រុម Club Brugge ក្នុងទឹកដីខ្លួនឯង។ នេះបើតាមការឱ្យដឹងពីក្លិបនៅព័រទុយហ្គាល់ កាលពីថ្ងៃពុធ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រថយន្តដែលដឹកប្រពន្ធ និងកូនប្រុស ២នាក់របស់លោក Conceicao ត្រូវបានក្លាយជាគោលដៅវាយប្រហារ បន្ទាប់ពីការបរាជ័យ ក្នុងលទ្ធផល ៤-០ ពីការប្រកួតសន្សំពិន្ទុតាមពូលកាលពីយប់ថ្ងៃអង្គារ។ ក្រុមអ្នកគាំទ្រ បានគប់ដុំថ្ម និងជេរប្រមាថដល់អ្នកទាំង ៣ តែពួកគេមិនមានរបួសនោះឡើយ ក្នុងហេតុការណ៍នេះ។
ក្លិប Porto ដែលធ្លាប់ឈ្នះពានរង្វាន់ European Cup ២សម័យកាល បានចេញសេចក្ដីប្រកាសថា៖ «ក្លិប Porto មិនអាចទទួលយកបានជាដាច់ខាតចំពោះការវាយប្រហារលើរថយន្តគ្រួសាររបស់គ្រូបង្វឹក លោក Sergio Conceicao កាលពីយប់មិញ នៅខាងក្រៅកីឡដ្ឋាន Estadio do Dragao»។
«ក្លិប Porto ក៏មានការសោកស្តាយផងដែរ ចំពោះការខ្វះការការពារពីអាជ្ញាធរ ហើយអំពាវនាវឱ្យអ្នកបង្ក ឬអ្នកបង្កើតហេតុការណ៍ដ៏ព្រៃផ្សៃនេះ ត្រូវបានកំណត់អត្តសញ្ញាណឱ្យបានឆាប់រហ័ស និងនាំខ្លួនយកមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។ ក្លិប Porto បានបន្ថែម។
ក្រុម Porto របស់លោក Conceicao នៅតែមិនទាន់អាចរកជ័យជម្នះបាននៅឡើយទេ ក្នុងទ្វីបអឺរ៉ុប នារដូវកាលនេះ ហើយកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងក្របខ័ណ្ឌ Primeira Liga ដោយមាន ៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Benfica។
លោក Conceicao វ័យ ៤៧ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ក្រុម ក្នុងឆ្នាំ២០១៧ ហើយបានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់សរុបទាំងអស់ចំនួន ៨៕