សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា ស្នើឱ្យ​ធនាគារ​វិនិយោគ​អឺរ៉ុប បន្ត​ផ្តល់​ឥណទាន​សម្បទាន និង​ឥត​សំណង​លើ​វិស័យ​អាទិភាព​

​ភ្នំពេញ​៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានស្នើ​សុំ​ឲ្យ​ធនាគារ​វិនិយោគ​អឺរ៉ុប​( EIB )​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​វិនិយោគ​លើ​វិស័យ​អាទិភាព តាមរយៈ​ការចូលរួម​ជា​ឥណ​ទាន​សម្បទាន​, ហិរញ្ញប្បទាន​ឥត​សំណង និង​ការគាំទ្រ​ជំនួយ​បច្ចេកទេស​នានា​ជាដើម​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ស្នើឡើង​ដូច្នេះ​ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Kriss Peeters អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប កាលពីពេល​ថ្មីៗ​នេះ​។​

​លោក​ Kriss Peeters បានឱ្យដឹងថា EIB បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ពង្រឹង​សហ​ប្រតិ​ប​ត្ដិ​ការកម្រិត​តំបន់ ជាពិសេស​ជាមួយ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ​ថែមទៀត ខណៈ​ខ្លួន​ទើបតែ​បានដាក់​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ប្រចាំ​តំបន់ នៅ​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្មី​នេះ​។​

អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជម្រាបជូន​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ឱ្យប្រើ​ប្រាស់​នូវ «​ក្របខណ្ឌ​យុទ្ធ​សាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​​ឆ្នាំ ២០២១-២០២៣» ។​យុទ្ធសាស្ត្រ​ នេះ​បាន និង​កំពុង​ដើរតួនាទី​ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​កម្លាំងចលករ​ដ៏​មាន​ប្រសិទ្ធ​ភាព សម្រាប់​ការពង្រឹង​សក្តានុពល​នៃ​ចន្ទល់​កំណើនសេដ្ឋកិច្ចរ​បស់​កម្ពុជា ឱ្យ​រស់​រវើក​ឡើង ក៏ដូចជា​ចាប់យក​ឱ្យបាន​នូវ​កាលានុវត្តភាព​ថ្មី ដែល​កំពុង​លេចឡើង​ស្រប​នឹង​និន្នាការ​តំបន់និង​សកល ដើម្បី​លើកកម្ពស់​កំណើន​ប្រកប​ដោយ​ចីរ​ភាព និង​ដែល​កាន់​តែមាន​ពិពិធ​កម្ម ក៏ដូចជា​ដើម្បី​កសាង​ភាព​ធន់​ដ៏​រឹងមាំ​នៃ​សង្គម សេដ្ឋកិច្ចកម្ពុជា​៕ដោយៈសិរីមតី​