ព័ត៌មានជាតិ

រដ្ឋបាលខេត្តសុំអន្តរាគមន៍ទៅក្រសួងជាម្ចាស់គម្រោង លើករណីបាក់ច្រាំងព្រែកកុយ

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើរបាយការណ៍ និងសុំអន្តរាគមន៍លើករណីបាក់ច្រាំង ព្រែកកុយ ស្ថិតក្នុងភូមិ/ឃុំព្រែកកុយ ស្រុកកងមាស ពីលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ពីការខូចខាតផ្លូវនៅតំបន់ច្រាំងព្រែកបាក់ប្រវែង ៥០ ម៉ែត្រ សូមជួយបញ្ជួនមន្រ្តីបច្ចេកទេស ចុះសិក្សាជួសជុលកន្លែងខូច បើកឱ្យធ្វើចរាចរទៅមកពេញលេញធម្មតាឡើងវិញ។

លោក ភោគ សាវុធ ជាអភិបាលស្រុកកងមាស ដែលបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម រួមជាមួយសហការីជាច្រើនរូបផ្សេងទៀត ដើម្បីចុះពិនិត្យការបាក់ ច្រាំងព្រែកខាងលើនាថ្ងៃទី១៤ កញ្ញានេះបានឱ្យដឹងថា៖ ការបាក់ច្រាំងព្រែកកុយបានកើតឡើង តាំងពីថ្ងៃទី១១ កញ្ញា បាក់តិចៗ ចូលដល់ថ្ងៃទី១២ កញ្ញាដដែលបានបាក់ខ្លាំង ហើយមកដល់ថ្ងៃទី១៣ និង ១៤ កញ្ញាការបាក់ចុះថយមកបាក់តិចៗវិញ។

លោកអភិបាលស្រុកកងមាសបានបន្ថែមថា៖ គិតត្រឹមថ្ងៃទី១៤ កញ្ញានេះ ការបាក់ច្រាំងព្រែកកុយ អស់ប្រវែងប្រហែល ៥០ ម៉ែត្រ បាក់ចូលចាប់ពីបួនដល់ប្រាំម៉ែត្រ គឺយើងបានប្រកាសឱ្យប្រជាពលរដ្ឋ រស់នៅជាប់តំបន់គ្រោះថ្នាក់មានការប្រុងប្រយ័ត្ន ហើយបានដាក់កម្លាំងប្រចាំការ ២៤ ម៉ោងលើ២៤ ម៉ោង ពិសេសហាមឃាត់រថយន្តធុនធំបើកបរឆ្លងកាត់។

លោកបានបន្តថាៈ៖ ជាមួយនោះលោក អ៊ុន ចាន់ដា បានឱ្យខាងមន្រ្តីរដ្ឋបាលខេត្តធ្វើរបាយការណ៍ ស្តីពីគ្រោះធម្មជាតិខាងលើ និងស្នើជូនលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជាម្ចាស់គម្រោងផ្លូវ ដែលរងការខូចខាត ដោយសារការបាក់ច្រាំងព្រែកកុយ ចាត់បញ្ជួនមន្រ្តីបច្ចេកទេសចុះសិក្សា និងត្រួតពិនិត្យ ដើម្បីរកលទ្ធភាពជួសជុលផ្លូវមួយខ្សែនេះ បើកឱ្យចរាចរឡើងវិញ៕

ដោយ៖ គង់ហេង