កីឡា

គ្រាប់​បាល់​របស់ Haaland ជួយ​ឱ្យ​មេឃខៀវ មាន​ជ័យ​ជម្នះលើ​ក្រុម​ចាស់របស់​ខ្លួន​

គ្រាប់​បាល់ដែល​កើត​ឡើង​ដោយ​ការ​វិការទាត់បក​ក្រោយដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធ Erling Haaland បាន​ជួយ​ក្រុម​ថ្មី Manchester City យក​ជ័យជម្នះ​ទាំងប្រផុតប្រផើយ​លើ​ក្រុមចាស់របស់ខ្លួន Borussia Dortmund ក្នុង​លទ្ធផល ២-១ ខណៈ​គ្រាប់​បាល់​នេះ​ ធ្វើ​ឱ្យ​លោក Pep Guardiola រឭក​ដល់​អ្នកណែនាំគាត់ លោក Johan Cruyff។

កីឡាករសញ្ជាតិន័រវេសរូបនេះ បានរក្សាភាពស្ងៀមស្ងាត់គួរឱ្យកត់សម្គាល់ តែគ្រាន់តែត្រូវការការ​បង្ហាញ​សញ្ញា​ត្រេកអរ​តិចតួចបំផុត ដែល​បាន​ស៊ុតបញ្ចូលទីដល់​ទៅ ៦ហ្គេមជាប់​គ្នា ខណៈដែលជើងឆ្វេងដ៏​រហ័សរហួន​របស់គេ បានជួយឱ្យ​ក្រុមម្ចាស់ផ្ទះ Man City រកឃើញ​នូវ​ជ័យ​ជម្នះ នៅប្រមាណ​ជា ៦​នាទី ពី​ម៉ោង​ធម្មតា​។

ឥឡូវនេះ កីឡាករ Haaland ទម្លុះសំណាញ់​ទីបាន ១៣គ្រាប់ហើយ ក្នុងចំណោមការចូល​លេង ៩ដងឱ្យ​ក្រុមមេឃខៀវ Man City គិត​ចាប់តាំងពីពួកគេបានបំពេញ​លក្ខខណ្ឌ ៦០លានអឺរ៉ូ (៦០លានដុល្លារ) ជាមួយក្លិបយក្សអាល្លឺម៉ង់ Dortmund។

ក្រោយ​ឃើញ​គ្រាប់​បាល់​របស់​កីឡាករ Haaland លោក Guardiola បាននិយាយ​ថា៖ «មនុស្សគ្រប់គ្នាដឹងច្បាស់​ថា តើមនុស្សម្នាក់ លោក Johan Cruyff មានសារសំខាន់ក្នុងជីវិតរបស់ខ្ញុំយ៉ាង​ដូចម្ដេច។ ក្នុងនាមជាមនុស្សម្នាក់ អ្នកអប់រំ អ្នកណែនាំ ពោល​គឺអ្វីគ្រប់យ៉ាង គាត់បានស៊ុតបញ្ចូលទីនៅទឹកដី Camp Nou ​ជាគ្រាប់ដ៏អស្ចារ្យ ទល់នឹងក្រុម Atletico Madrid (ក្នុងឆ្នាំ១៩៧៣) ដែលមានលក្ខណៈស្រដៀងគ្នានេះ។ ពេលដែលគេ (Haaland) ស៊ុតបញ្ចូលទី ខ្ញុំបាននឹក​ដល់លោក Cruyff»។

យ៉ាង​ណាការ​ប្រកួត​នេះ ក្រុម​ម្ចាស់​ផ្ទះក៏​រាង​លំបាក​គួរ​សម​ដែរ ទម្រាំ​ដណ្ដើម​បាន​ជ័យ​ជម្នះ ជា​ពិសេសពេល​ត្រូវ​ក្រុម​ភ្ញៀវ​នាំមុខ​មុន​ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Jude Bellingham នៅ​នាទីទី១១ នៃ​វគ្គ​ទី​២ តែ​កីឡាករបម្រុង ៣រូប បាន​ជួយ​ដាស់​ក្រុម​ Man City ឱ្យ​ភា្ញក់​ឡើង​វិញ ហើយ​ចុង​ក្រោយ ក៏​រក​បាន ២គ្រាប់​ផ្ទួន​ៗ ក្នុង​រយៈ​ពេលតែ ៤នាទី។

ខ្សែការពារ John Stones បាន​បាញ់ ១ជើង​ពេញ​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់ ហើយ​បាល់​ចូល​ទី​យ៉ាងស្អាត ដែល​ជួយ​ឱ្យក្រុម Man City តាម​ស្មើ​វិញនៅ​នាទីទី៨០ មុន​នឹង​មាន​គ្រាប់​បាល់​ដ៏​អស្ចារ្យពីកីឡាករ Haaland នៅ​នាទីទី៨៤ ដែល​ផ្ដល់​ភាពជោគជ័យ​ឱ្យ​ក្រុម​ថ្មី​របស់​ខ្លួន៕